(ស្ទឹងត្រែង)៖ កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង ត្រូវបានប្រកាសបង្កើតជាផ្លូវការហើយនៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងបំណងបង្កើនកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឲ្យបានកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវបានធ្វើឡើងក្រោមអធិបតិភាពប្រមុខការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់ និងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិ មេទ័ពកំពូលៗរបស់កម្ពុជា នាយទាហាន ពលទាហានដ៏អង់អាចក្លាហាន ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា កងពលតូចអន្តរាគមន៍លេខ១២៨នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើតឡើងកាលពីខែសីហា កន្លងទៅនេះ នៅក្រោយពេលដែលសម្តេចបានស្នើឲ្យឡាវដកកងទ័ពចេញពីតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រៅពីបង្កើតកងពលតូចអន្តរាគមន៍នេះហើយ នៅខែកញ្ញា​ កន្លងទៅនេះ ក្រសួងការពារជាតិ ក៏បានប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចូលបម្រើជាកងទ័ពនៅយោធភូមិភាគទី១នេះផងដែរ។ ក្រោយពេលប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨នេះ គេសង្កេតឃើញថា កងទ័ពកម្ពុជាជាច្រើននាក់ត្រូវបានរៀបចំ និងយកទៅដាក់ពង្រាយនៅតាមតំបន់ព្រំដែនកម្ពុជា-ឡាវ ជាពិសេសកន្លែងដែលឡាវធ្លាប់បានបញ្ជូនកងទ័ពចូលមកកាន់កាប់។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨នៅក្នុងខេត្តស្ទឹងត្រែងចំពេលមានបញ្ហាព្រំដែនជាមួយប្រទេសឡាវនេះ មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង៕