(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសស្រាលគ្មាន និងរបួសធ្ងន់២១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១២គ្រឿង រថយន្តតូច៤គ្រឿង, គោយន្ដ១គ្រឿង និងរយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, កត្តាយានយន្ដ, មិនប្រកាន់ស្ដាំ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២៧ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៩៨លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៩៣នាក់ របួសធ្ងន់ចំនួន១៩១នាក់ និងរបួសស្រាលចំនួន៧៣នាក់៕