(ភ្នំពេញ)៖ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងជំរុញដល់យុវជនទាំងអស់ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ ទាំងថា្នក់ជាតិ-អន្ដរជាតិ លើគ្រប់វិស័យឲ្យបានច្រើន ដើម្បីកា្លយខ្លួនជាធនធានមនុស្សដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រកាសពានរង្វាន់ ការប្រកួតកម្មវិធី «ដើម្បីសង្គមជាតិយើងអាចធ្វើបាន» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលជាលទ្ធផលក្រុមធីឌីអេស មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ទទួលបានចំណាច់ថ្នាក់លេខ១ លើប្រធានបទសោភ័ណភាពទីក្រុង។

លោកថ្លែងបន្ដថា «កម្មវិធីប្រកួតប្រជែងនៅថ្ងៃនេះ ជាកម្មវិធីមួយដ៏មានសារៈសំខាន់ ដោយជួយឲ្យយុវជន​ បានប្រើប្រាស់បញ្ញាញាណ ទស្សនៈ ទេពកោសល្យ និងគំនិតឆ្នៃប្រឌិតផ្សេងៗ ពិសេសបង្ហាត់បង្រៀន ឲ្យយុវជនចេះរៀនធ្វើការងារជាក្រុម ពិសេស គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា យុវជន ជាអ្នកបន្តវេនមិនអាចខ្វះបាន និងជាសសរទ្រូង ដ៏រឹងមាំ ធ្វើឲ្យប្រទេសជាតិរីកចម្រើន ។ដូច្នេះយុវជន ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗទៀតឲ្យបានច្រើន ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង»

លោកបន្ដថា «ការប្រកួតកម្មវិធី «ដើម្បីសង្គមជាតិយើងអាចធ្វើបាន» នេះ យើងគាំទ្រ ហើយយើងក៏ត្រៀមជួយផ្ដួចផ្ដើមនូវគម្រោងនេះបន្ដទៀត ប្រសិនបើកម្មវិធីនេះ បន្ដធ្វើឡើង នៅឆ្នាំក្រោយៗទៀត»។

ព្រមជាមួយគ្នានោះ លោកស្រី ងួន សូនី អ្នកសម្របសម្រួលគម្រោងចិត្តដូចគ្នា បានថ្លែងថា «កម្មវិធីដើម្បីសង្គមជាតិយើងអាចធ្វើបាន»នេះ បានរៀបចំឡើងដោយគម្រោងចិត្តដូចគ្នា ដោយមានសិស្សនិស្សិត ចំនួន២៩ក្រុម មកពីសាកលវិទ្យាល័យនានា ចូលរួមប្រកួតតាំងពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០១៧នេះ ដោយក្រុមនីមួយៗប្រកួតប្រជែង លើប្រធានបទផ្សេងៗគ្នា រួមមានសោភ័ណទីក្រុង ប្រព័ន្ធបណ្តាញសង្គម ការងារសប្បុរសធម៌ បញ្ហាគ្រឿងញៀន ចរាចរណ៍កុមារ និងយុវជនជាដើម ។ក្នុងចំណោម២៩ក្រុមនោះ យើងបានប្រឡងជម្រុះ នៅសល់តែ៥ក្រុមចុងក្រោយ ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមធីឌីអេស មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ទទួលបានចំណាច់ថ្នាក់លេខ១ លើប្រធានបទសោភ័ណភាពទីក្រុង»

ទន្ទឹមនឹងនោះ លោកសាន សោភ័ណ ប្រធានក្រុមធីឌីអេស មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ទទួលបានចំណាច់ថ្នាក់លេខ១ លើប្រធានបទសោភ័ណភាពទីក្រុង នៅក្នុងកម្មវិធី «ដើម្បីសង្គមជាតិយើងអាចធ្វើបាន» បានសំដែងនូវការរីករាយចំពោះសមិទ្ធផលនេះ ហើយសំណូមពរឲ្យមានការរៀបចំកម្មវិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យយុវជន បានចូលរួមជួយក្នុងសង្គមជាតិ៕