(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញ​លើកទឹកចិត្ដដល់ក្រុមហ៊ុនផលិតកម្ម ឧស្សាហកម្ម សិប្បកម្មក្នុងស្រុកបន្ដដាក់ទុនវិនិយោគ បើករោងចក្រផលិតទំនិញឲ្យកាន់តែច្រើន​បន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

ការជំរុញរបស់លោកស្រីឧបនាយករដ្ឋមន្រ្ដី​ ម៉ែន សំអន ធ្វើឡើងនាឱកាសដែលលោកស្រីអញ្ជើញជាអធិបតីភាពក្នុងការសម្ពោធ​បើកដំណើការក្រុមហ៊ុនផលិតភេសជ្ជៈ Angkor Daily Food នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។

លោកស្រីបានថ្លែងឲ្យដឹងថា ការបង្កើតរោងចក្រនេះពិតជាចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើផ្នែក
ឧស្សាហកម្ម និងសប្បកម្មដោយបានផលិតចេញជាផលិតផលប្រកបដោយផលិតភាព សុវត្ថិភាព ជួយទ្រទ្រង់សុខភាពអ្នកប្រើប្រាស់​ផង ព្រមទាំងជួយផ្ដល់ការងារ និងផ្ដល់ចំណូលដល់កម្មករ និងបុគ្គលិកជាច្រើននាក់ថែមទៀត។

លោកស្រីបញ្ជាក់ថា «គំរោងវិនិយោគទុនលើវិស័យឧស្សាហកម្ម និងសិប្បកម្មនេះពិតជាកើតឡើងចំពេលដែលប្រទេសកម្ពុជាទទួល​បាននៅសុខសន្ដិភាព ស្ថេរភាពនយោបាយ និងមានឱកាសជំរុញការងារអភិវឌ្ឍន៍ប្រទេសជាតិ ហើយស្ថានភាពជាតិនិងរីកចម្រើន​លូតលាស់ទៅមុខឥតឈប់ឈរ»

លោក សាន លុច អគ្គនាយកក្រុមហ៊ុន ផលិតភេសជ្ជៈ Angkor Daily Food បានថ្លែងឲ្យដឹងថា រោងចក្រផលិតភេសជ្ជនេះបានចាប់​ផើ្ដមសាងសងឡើងតាំងពីឆ្នាំ២០១៥ ដោយបានបំពាក់នូវឧបករណ៍ថ្មីៗ ទំនើបៗដែលនាំចូលពីក្រៅប្រទេស និងបានបញ្ចប់ការសាង​សងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកបានបន្ដទៀថា ការសាងសងរោងចក្រនេះបានចំណាយទុនប្រមាណជាង១០លានដុល្លារអាមេរិក ដែលជាទុនវិនិយោគ
ផ្ទាល់របស់ក្រុមហ៊ុន ដោយពុំមានរួមសហការជាមួយដៃគូរក្នុងប្រទេស ឬក្រៅប្រទេសឡើយ។

លោកបានបន្ដទៀថា «ដើម្បីឲ្យចង្វាក់ផលិតកម្មផលិតចេញនូវផលិតផលដែលមានគុណភាពខ្ពស់កម្រិតស្ដង់ដារអន្ដរជាតិ យើងខ្ញុំបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ដល់កម្មករជំនាញ បច្ចុប្បន្នរោងចក្រនេះមានសម្ថភាពអាចផលិតភេសជៈកំប៉ុង
ដោយម៉ាស៊ីនស្វ័យប្រវត្តក្នុង១ម៉ោងបានចំនួន១៥០០កំប៉ុងស្មើនឹង៦២៥កេះ»

សូមបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុន Angkor Daily Food រួមមានទឹកផ្លែ​ឈើ​ម៉ាក 1-2 Drink ចំនួន៦រសជាតិ ទឹកផ្លែឈើម៉ាក Selfy ចំនួន៥រសជាតិ ក្នុងនោះមានរស់ជាតិផ្លែក្រូច ទឹកត្រឡាច ចាហួយខ្មៅ ប្រទាលកន្ទុយក្រពើ ទៀបបារាំង ផ្លែឈើរី ផ្លែគូលែន ស្រ្ដូបប៊ីរី និងប្ល៊ូប៊ឺរី និងភេសជ្ជៈប៉ូវកំម្លាំងម៉ាក Champion និង Red Ant៕