(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ថ្ងៃនេះ មានពលរដ្ឋឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលរកឃើញគ្រាប់គីមីរបស់អាមេរិកចំនួន១៧នាក់ ដែលមានបញ្ហាសុខភាពរមាស់លើស្បែក និងជំងឺផ្សេងៗទៀត ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ខេត្តស្វាយរៀង ខណៈអ្នកជំងឺ១៩នាក់ ដែលចូលសម្រាកព្យាបាលកាលពីថ្ងៃម្សិលមិញ មិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ។

បើតាមលោក កែរ រដ្ឋា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ មានពលរដ្ឋឃុំគគីរចំនួន១១៧នាក់ហើយ បានមកទទួលយកការព្យាបាលជំងឺដែលភាគច្រើនរមាស់លើរាងកាយ ដែលសង្ស័យថាប៉ះពាល់ដោយសារធាតុគីមី ពីគ្រាប់បែកគីមី ខណៈតិចតួចបំផុតមានជំងឺផ្សេង។

នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ថា ក្រោយធ្វើការពិសោធន៍សារធាតុគីមី ក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះអាមេរិក ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា សារធាតុគីមីនៃអាវុធគីមីនោះ ជាសារធាតុគីមីប្រភេទ​ Nitrogen Mustard ដែលហៅថា​ Blister agents។

នាយឧត្តមសេនីយ៍បានបន្ថែមថា ក្រោយធ្វើការវិភាគដោយប្រើប្រាស់ម៉ាស៉ីនវិភាគ ដែលកុម្មុងទិញពីប្រទេសអាល្លឺម៉ង់ រកឃើញថា សារធាតុគីមីនោះ ជាប្រទេ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារធាតុគីមីនេះ មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្ស​ដូចជា​ ប៉ោងស្បែក រលាកស្បែក​ និងថប់ដង្ហើម​ជាដើម។

លោកបន្តថា សារធាតុគីមី Nitrogen Mustard ដែលហៅថា​ Blister agents គឺស្ថិតនៅក្នុងតារាងទី១​ នៃសារធាតុគីមី ដែលត្រូវហាមប្រាម ដោយអង្គការ OPCW របស់អង្គការសហប្រជាតិ៕