(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News ទទួលបានលិខិតសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់ប្រធានគណបក្ស អនុប្រធានប្រតិបត្តិ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា មកពីគណបក្សសង្គ្រោះជាតិចំនួន៧រូប ដោយពួកគេទាំងអស់ បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងហៅលោក កឹម សុខា ព្រមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាជនក្បត់ជាតិទៀតផង។

ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង ទាំង៧នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយ បក្សកាន់អំណាចនោះ រួមមាន៖

ទី១៖ កំពង់ចាមម្នាក់ សមាជិកក្រុមប្រឹក្សា​រស់នៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ទី២៖ កំពង់ធំម្នាក់ សមាជិកក្រុមប្រឹក្សា​រស់នៅឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី៣៖ ព្រៃវែង​៣នាក់ (ម្នាក់ជំទប់ទី២ ឃុំកំពង់ត្របែក និងសមាជិកក្រុមប្រឹក្សា​ឃុំប្រាសាទ ស្រុកកំពង់ត្របែកចំនួន២នាក់)
ទី៤៖ ឧត្តរមានជ័យម្នាក់ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ​ និងជាសមាជិកក្រុមប្រឹក្សា ប្រចាំស្រុកអន្លង់វែង
ទី៥៖ ក្រចេះម្នាក់ ​ប្រធានគណបក្សសង្គ្រោះជាតិ និងជាជំទប់ទី២ ឃុំកោះច្រែង ស្រុកចិត្របុរី

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននោះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៩រូបផងដែរ សម្រេចផ្លាស់ប្តូរជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ខេត្តកំពង់ធំចំនួន៣នាក់ (ចៅសង្កាត់ម្នាក់ ជំទប់ទី១ម្នាក់ និងសមាជិកក្រុមប្រឹក្សាម្នាក់) នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន, ខេត្តកំពង់ចាមមានចំនួន២នាក់ គឺជំទប់ទី១ ឃុំខ្ចៅ ស្រុកកងមាស​ និងជំទប់ទី១ ឃុំគោករៀង ស្រុកជើងព្រៃ, ខេត្តព្រះវិហារម្នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំឆែប១ ស្រុកឆែប, នៅខេត្តត្បូងឃ្មុំមានម្នាក់ គឺសមាជិកក្រុមប្រឹក្សាឃុំត្រពាំងផ្លុង​ ស្រុកពញាក្រែក, នៅខេត្តកំពតមានម្នាក់ គឺជំទប់ទី២ ឃុំតាកែន ស្រុកឈូក ខេត្តកំពត និងនៅខេត្តបន្ទាយមានជ័យ មានម្នាក់ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕​

លោក នូ ភារ៉ុម មានមុខងារជាសមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែង​

លោក ព្រុំ ស៉ីថា អាយុ៥៦ឆ្នាំ តួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ និងជាជំទប់ទី២ ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ

លោក ទួន សាវ៉ន, ទី២លោក អ៊ូរ សុភក្តី និងទី៣៖ លោក នួន ណាត 

លោក ភឹម ឡាត់ អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោក ចាន់ ស៊ុនអ៊ី អាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ