(​ព្រះសីហនុ)៖ ​លោកឧត្តមសេនីយ៍ទោ ជួ​ន ណារិន្ទ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ​ដឹកនាំប្រជុំផ្សព្វផ្សាយពីឧបាយកល និងផែកការបដិវត្តន៍ពណ៌ ដល់ថ្នាក់ដឹកនាំ​ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រមាណ៣០០នាក់ ដែលបានរៀបចំឡើយ ដោយក្រុមគណបក្សប្រឆាំងនៅកម្ពុជា ដោយទទួលបានណែនាំ និងបញ្ជាពីមហាអំណាចអាមេរិក។

កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នេះ​ មាន​ការ​ចូល​រួម​​ពី​នាយ​នគរបាល​ មក​ពី​ការិយាល័យ​ជំនាញ​ ចាប់​ពី​ថ្នាក់​នាយ​រង​ផ្នែក​ ដល់​ស្នងការ​រង​ និង​ ក្រុង​ ស្រុក​ ចាប់​ពី​ថ្នាក់​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ ដល់​​អធិការ​ សរុប​ចំនួន​៣៧០នាក់​។

លោកឧត្តមសេនីយ៍ទោ ​ជួន​ ណា​រិន្ទ បាន​ឡើង​ពន្យល់​អំពី​ចំណុច​ចាប់ផ្តើម​ នៃ​បដិវត្តន៍​ពណ៌​ និង​​និយម​ន័យ​ នៃបដិវត្តន៍​ពណ៌​ ដែល​ពួក​ប្រឆាំង​ប្រតិ​កិរិយា​អមិត្ត​ បាន​ឃុបឃិត​គ្នា​ ជាមួយ​ចក្រ​ព័ទ្ធ​បរទេស​ រៀបចំ​ឡើង​ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើតឡើង​ដោយ​ការបោះឆ្នោត​នៅ​កម្ពុជា​ និងធ្វើ​បាតុកម្ម​ នា​នា​ មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ គ្រប់​អាណត្តិ​កន្លង​មក​ ប៉ុន្តែ​រាល់​ផែនការ​ទុច្ចរិត​ របស់​ពួក​ប្រឆាំង​ ត្រូវយើង​ទប់​ស្កាត់​បាន​ទាន់​ពេលវេលា​ បញ្ជៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​។

លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ទៀតថា ថ្មី​ៗ​នេះ​ មាន​លេច​ចេញ​រូប​ភាព​វីដេអូ​ អម​ដោយ​សំឡេង​ដើម​របស់​ លោក​កឹម​ សុខា និង​​លោក​ សម​ រង្ស៊ី​ អំពី​ផែនការ​ក្បត់ជាតិ​របស់​ពួក​ប្រឆាំង​ រៀបចំ​ផែនការ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​​របស់​បរទេស​ និង​ មាន​ភស្តុតាង​ អង្គ​ហេតុ​ ជាច្រើន​ទៀត​ ដែល​បញ្ជាក់​ថា​ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជូន​ក្រុម​យុវជន​​របស់​ពួក​គេ​ ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី​ អំពី​យុទ្ធ​សាស្រ្ត​ ​ឧបាយកល​ និង​​វិធី​សាស្ត្រ​ធ្វើ​បដិវត្តន៍​ពណ៌​ ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​។

លោកស្នងការ បន្ថែមថា យើង​មាន​ភស្តុតាង​ជាច្រើន​ដែល​អាច​ដាក់​បន្ទុក​លើ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រព្រឹត្ត​បទ​ល្មើស​ទោស​ក្បត់ជាតិ​ ប៉ុន​ប៉ង​បំផ្លាញ​សន្តិសុខ​ជាតិ​ ដែល​មិន​ត្រូវ​លើក​លែង​ឲ្យ​រួច​ទោស​បាន​ឡើយ​។ បន្ថែមពីនេះ លោក​ក៏បាន​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​ប្រចាំថ្ងៃ​ឲ្យ​បាន​ល្អ​ ចូល​រួម​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ ពិសេស​លប់​បំបាត់​ បញ្ហា​ល្បែង​ស៊ីសង​ គ្រឿងញៀន​ នៅក្នុង​មូលដ្ឋាន​៕