(ភ្នំពេញ)៖ ដោយស្មារតីយកចិត្តទុកដាក់ ចំពោះកងកម្លាំងប្រដាប់អាវុធ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រសួងការពារជាតិ ត្រូវពន្លឿនការចុះចែកអាវរងា ជូនដល់កម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារតំបន់នានា និងនៅតាមព្រំដែន ការពារជាតិមាតុភូមិទាំងថ្ងៃទាំងយប់នោះ ឲ្យបានមុនរដូវរងា ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ការយកចិត្តទុកដាក់ ចំពោះកងទ័ពការពារជាតិកម្ពុជា និងការជំរុញរបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។

បើតាមសេចក្ដីប្រកាសរបស់គណៈរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានជុំរុញឱ្យក្រសួងការពារជាតិ ធ្វើការចែកអាវរងាជូនដល់កម្លាំង ប្រដាប់អាវុធឈរជើងនៅតាមតំបន់ និងព្រំដែន ឱ្យបានទាន់មុនរដូវរងាចូលមកដល់»

សូមរំឭកដែរថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះកងកម្លាំងប្រដាប់អាវុធ បើដល់រដូវភ្ញៀវចុះចែកអាវភ្ញៀវ ដល់រដូវរងាចុះចែកអាវរងា ក្រៅពីនេះមានការចុះចែកអំណោយ ស្បៀងអាហារ និងសម្ភារជាហូរហែមិនដែលដាច់ឡើយ ពោលនៅសមរភូមិក្រោយតែងតែយកចិត្តទុកដាក់ និងជួយទំនុកបម្រុងដល់សមរភូមិមុខជានិច្ច។ ក្នុងពិធីសំណេះសំណាលដដែល សម្ដេចតេជោ ហ៊ុន សែន មេបញ្ជាការផ្កាយមាស៥ ក៏បានរំឭកដែរថា ក្នុងពេលដែលកងទ័ពឡាវចូលឈ្លានពានព្រំដែននៅខេត្តស្ទឹងត្រែង ឃើញថា ស្មារតីស្រលាញ់ទឹកដី ស្រលាញ់ជាតិ និងការជួយលើកទឹកចិត្តដល់កម្លាំងកងទ័ព ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មានការពុះកញ្រ្ជោលយ៉ាងខ្លាំង រហូតទៅឈរចាំជូនដំណើរ និងលើកទឹកចិត្តយ៉ាងផុសផុលដល់កងទ័ព ដែលកំពុងធ្វើដំណើរទៅកាន់តំបន់មានជម្លោះនោះ។

ដោយឡែក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចុះផ្សព្វផ្សាយអប់រំ និងពន្យល់ឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋឲ្យយល់ដឹងពីផលវិបាកនៃបដិវត្តពណ៌ ដែលបង្កឡើងដោយក្រុមជនក្បត់ជាតិឃុបឃិតជាមួយបរទេស ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដែលជាហេតុនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពវឹកវរ អស្ថិរភាព អន្តរាយដល់សុខសន្តិភាព និងបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចជាតិទាំងមូល។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មេបញ្ជាការធំផុតលេខនៅកម្ពុជា ថែមទាំងបានអំពាវនាវទៅដល់កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស រួបរួមកម្លាំងគ្នាទប់ស្កាត់ និងប្រឆាំងយ៉ាងដាច់ខាតចំពោះបដិវត្តពណ៌ កំចាត់ជនក្បត់ជាតិ ដើម្បីការពារជាតិមាតុភូមិ ការពារសន្តិភាពដែលខំរកបានដោយលំបាក និងការពារប្រជាពលរដ្ឋឲ្យខាងតែបាន៕