(កំពង់ធំ)៖ ​ដំណើរការដេញថ្លៃមូលនិធិឃុំ-សង្កាត ចំនួន៣​គម្រោង ត្រូវបានគេមើលឃើញថា អ្នកម៉ៅការ​មានការ​ឃុបឃិត ប្រព្រឹត្តអំពើពុករលួយ ដែលប្រការនេះ ​ផ្ទុយទៅក្រមសីលធម៌​សម្រាប់អ្នកទទួលការ ដែលបំរាមមិនឲ្យមានទង្វើនេះ ហើយដំណើរការដេញថ្លៃនោះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៧ នៅសាលាឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងក្រមសីលធម៌​នៃការដេញ គឺ​ហាមមិនឲ្យអ្នកទទួលការ ឃុបឃិតគ្នាទេ ប៉ុន្តែ​ជាក់ស្តែងដំណើរការដេញថ្លៃខាង គឺគេឃើញអ្នកទទួលការ បានចរចារគ្នារញេរញ៉ៃ មុនម៉ោង ដាក់សំណើរដេញថ្លៃ ធ្វើឲ្យក្រុមគណៈកម្មការធ្វើការហាមឃាត់ជាញឹកញាប់។

ទោះជាយ៉ាងនោះក្តី ក្រោយពីបានដាក់សំណើរដេញថ្លៃរួចមិនយូរប៉ុន្មាន ក្រុមអ្នកម៉ៅការ​បាននាំគ្នា បើករថយន្តចេញពីមុខសាលាឃុំប្រហែល​១០០​ម៉ែត្រ ហើយ​ចែកលុយ ឈ្លោះប្រកែកគ្នាយ៉ាងអាណាធិបតេយ្យ ដោយ​គ្មានញញើត ចំពោះ​ម្ចាស់លទ្ធកម្ម និងគណៈកម្មការ​ឡើយ។

គម្រោងដែលដាក់ឲ្យដេញថ្លៃនោះ ទី១៖គម្រោង កែលំអផ្លូវលំ គ្រួសក្រហម និងដាក់លូ២កន្លែងឃុំបឹង តម្លៃប៉ាន់ស្មាន ៨០,០២៣,៩១៩​រៀល ដេញបានទៅលើក្រុមហ៊ុន ស្រេង ប៊ុនឡេង ក្នុងតម្លៃ​៧៩,៤៥០,០០០​រៀល, ទី២៖គម្រោង ឃុំបារាយណ៍ កែលំអរ​ផ្លូវក្រាលគ្រួសក្រហម ប្រវែង១,១៥០​ម៉ែត្រ ទឹកប្រាក់​ប៉ាន់ស្មាន​៧២,៧៦៤,៥៩២​រៀល បានទៅលើក្រុមហ៊ុន ផេង ពាក្យ ក្នុងតម្លៃ​៧២,០០០,០០០​រៀល និងគម្រោងទី៣៖ ឃុំ​បល្ល័ង្ក សាងសង់ផ្លូវបេតុង ក្នុងភូមិដូង ទឹកប្រាក់ប៉ាន់ស្មាន​៩៣,៧៣៣,៩៨៩​រៀល បានទៅលើក្រុមហ៊ុន ម៉េង ឆេង ក្នុងតម្លៃ​៩៣,០០០,០០០​រៀល។

ពាក់ព័ន្ធភាពមិនប្រក្រតី នៃការដេញថ្លៃនេះដែរ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងប្រាប់តាមទូរស័ព្ទថា លោក​បានប្រគល់កិច្ចការនោះ ទៅទីចាតការផែនការវិនិយោគខេត្ត​។

ដោយឡែក លោក ខៀវ ប៉ាង នាយក​រង​ទីចាត់ការ​ផែនការ ​និង​វិនិយោគ​ខេត្ត​កំពង់ធំ​ ទូរស័ព្ទចូលតែអត់អ្នកទទួល ហើយចំណែក លោក ហាក់ ម៉ុងហួត អភិបាលស្រុក​បារាយណ៍ បានប្រាប់តាមទូរស័ព្ទថា ខាងលោក​គ្មានសិទ្ធសម្រេចអ្វីទេ ហើយបើមានតំណាងជាអភិបាលរង ចូលរួមជាអធិបតីគ្រាន់តែបង្គ្រប់ៗកិច្ចតែប៉ុណ្ណោះ ខណៈដែល​មេឃុំ​ជាម្ចាស់លទ្ធកម្មទាំង៣ឃុំ មិនអាចសុំការពន្យល់បានទេ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧​នេះ៕