(កំពង់ធំ)៖ សម្រាប់ខេត្តកំពង់ធំតែមួយប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ មានសមាជិកគណបក្សសង្គ្រោះជាតិ ចំនួន៥នាក់ហើយ ដែលបានប្រកាសដើរចេញពីគណបក្សរបស់ខ្លួន ដោយសុំមកចូលរួម ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

សមាជិកទាំងនេះ បានបញ្ជាក់ហេតុផលយ៉ាងច្បាស់ថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ ដោយសារតែពួកគេបានឃើញតាមវិដេអូ ឃ្លីប របស់លោក កឹម សុខា នូវទង្វើក្បត់ជាតិ បម្រើបរទេស ហើយចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ ពួកគេក៏បានបញ្ជាក់ផងដែរ ការសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា​ គឺមិនមានការបង្ខិតបង្ខំ និងអូសទាញនោះឡើយ ដោយពួកគេសុំចូលរួម ដោយស្ម័គ្រចិត្តយ៉ាងពិតប្រាកដ។

សមាជិកទាំង៥នាក់ មកពីគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ធំរួមមាន៖

ទី១៖ លោក ហេង សុចិន្ដា អាយុ៤៧ឆ្នាំ ជាចៅសង្កាត់ដំរីជាន់ខ្លា របស់គណបក្សសង្គ្រោះជាតិ
ទី២៖ លោក សែង ចន្ថា អាយុ៣៧ឆ្នាំ ជាចៅសង្កាត់រងទី១ របស់គណបក្សសង្គ្រោះជាតិ
ទី៣៖ លោក ធ្លក គីម ជាសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ
ទី៤៖ លោក ប៊ុន ឆៃលីម ជាជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ទី៥៖ លោក ចាន់ ស៊ុនអ៊ី អាយុ៦៣ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំស្វាយភ្លើង ស្រុកបារាយណ៍ របស់គណបក្សសង្គ្រោះជាតិ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាដំណែងរបស់ពួកគេឲ្យនៅដដែល៕

សូមទស្សនាវីដេអូរបស់សមាជិកក្រុមប្រឹក្សាឃុំស្វាយភ្លើង ខេត្តកំពង់ធំ ដែលបញ្ជាក់ពីហេតុផល នៃការដើរចេញពីបក្សរបស់ខ្លួន៖