(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកអន្លង់វែង និងជាសមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។

អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ​ ប្រចាំស្រុកអន្លង់វែង រូបនេះ គឺលោក នូ ភារ៉ុម មានមុខងារជាសមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែង​។

យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច នាល្ងាចថ្ងៃនេះ លោក នូ ភារ៉ុម បានបញ្ជាក់ថា «​បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ ខ្ញុំបាទ សូមគោរពឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្តឧត្ដរមានជ័យ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយក្ដីអនុគ្រោះបំផុត»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕