(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់ធុងសំរាមចំនួន១,០០០ធុង ដល់សាលារាជធានីភ្នំពេញ នាពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ។ ធុងសំរាមទាំងអស់ នឹងត្រូវដាក់ពង្រាយនៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ការគ្រប់គ្រងសំរាម ជាពិសេសក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក គឺជាកិច្ចការសំខាន់មួយ ដែលសាលារាជធានីតែងយកចិត្តទុកដាក់ខ្ពស់។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានមោទនៈភាព ដែលក្នុងឆ្នាំនេះ យើងអាចចូលរួមចំណែកសម្រាលបន្ទុករបស់សាលារាជធានីភ្នំពេញបានមួយកម្រិត។»

លោកឧកញ៉ាបានបន្តថា « ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងទទួលបន្ទុកក្នុងការពង្រាយធុងសំរាមទាំងនេះ នៅតាមតំបន់គោលដៅទៅតាមការចង្អុល បង្ហាញរបស់សាលារាជធានី ឲ្យបានមុនពេលព្រះរាជពិធីបុណ្យអុំទូកចាប់ផ្តើម។» ក្រៅពីឧបត្ថម្ភធុងសំរាម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបញ្ជួនរថយន្តសម្អាតផ្លូវចំនួនពីរគ្រឿងដើម្បីបោសសម្អាតតាមដងវិថីសំខាន់ៗ ក្នុងតំបន់រៀបចំវិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និតត្រៀមអាវយឺត មួក និងភេសជ្ជៈ Joop ដើម្បីឧបត្ថម្ភកីឡាករអុំទូកទាំងអស់ផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black Extra Stout ស្រាបៀរKudo ភេសជ្ជៈIze ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំងWurkz និងទឹកសុទ្ធកម្ពុជា៕