(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០១៧នេះ លោកយាយ ភោគ សេ ជាម្តាយបង្កើត និងប្អូនបង្កើតរបស់សពលោកបណ្ឌិត កែម ឡី បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយស្នើសុំបន្ថែមទៀតដើម្បីបន្តធ្វើការសាងសង់ចេតិយ បន្ទាប់ពីថវិកាឧបត្ថម្ភរបស់សម្តេចចំនួន៥ម៉ឺនដុល្លារលើកទី១ បានចំណាយលើការសាងសង់ជំហានទី១អស់ទៅហើយ។

នៅក្នុងលិខិតគោរពជូនសម្តេចនេះ, លោកយាយ ភោគ សេ និងលោក កែម រិទ្ធិសិត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅម្តងទៀតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកន្លងមកបានជួយឧបត្ថម្ភទឹកប្រាក់ចំនួន៥ម៉ឺនដុល្លាររួចហើយ។ រហូតមកដល់ពេលនេះចេតិយសពលោកបណ្ឌិត កែម ឡី បានសាងសង់ចំនួន៣០ភាគរយហើយ។

លោកយាយ ភោគ សេ និងលោក កែម រិទ្ធិសិត បានរៀបរាប់នៅក្នុងលិខិតយ៉ាងដូច្នេះថា៖ «នាងខ្ញុំក្នុងនាមម្តាយ និងប្អូនប្រុសបង្កើតរបស់សពលោកបណ្ឌិត កែម ឡី សូមសម្តេចមេត្តាជួយចូលរួមជា ថវិកាបន្តទៀត ដើម្បីយកទៅសាងសង់ចេតិយ​ ដែលនៅសល់ប្រមាណ៧០ភាគរយទៀត តាមសទ្ធា ជ្រះថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ កន្លងទៅក្រុមគ្រួសាររបស់នាងខ្ញុំ និងខ្ញុំបាទក៏ធ្លាប់ បានអំពាវនាវឲ្យសម្បុរជននានាទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភក្នុងការសាងសង់ចេតិយ ប៉ុន្តែបានថវិកាតិចតួចមិនគ្រប់តម្រូវការ ដើម្បីសាងសង់នោះទេ។ ដូច្នេះមានតែសម្តេចតេជោ និងកិត្តិព្រឹទ្ធបណ្ឌិត ជាក្តីសង្ឃឹមសម្រាប់គ្រួសាររបស់យើងខ្ញុំ ក្នុងការសាងសង់ចេតិយរហូតដល់ចប់ចុងចប់ដើម»

ខាងក្រោមនេះជាលិខិតរបស់ម្តាយសពលោកបណ្ឌិត កែម ឡី និងប្អូនប្រុសបង្កើត គោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖