(បាត់ដំបង)៖​ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ អភិបាល និងអភិបាលរងក្រុងបាត់ដំបង ដែលបានរៀបចំធ្វើឡើងនៅបរិវេណសាលា​ក្រុងបាត់ដំបង។

ពិធីនេះ​ប្រកាសចូលកាន់តំណែងខាងលើនេះ ដោយមានការចូលរួមពីលោកអភិបាល អភិបាលរងខេត្ត-ក្រុង ស្រុកនានា ​ប្រធានមន្ទីរអនុប្រធានមន្ទីរនានា ចៅសង្កាត់ ចៅសង្កាត់រងនិងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋជាច្រើនរូបទៀតចូលរួមផងដែរ។

សូមជម្រាបថា ការផ្លាស់ប្ដូរនេះ ទី១៖ លោក ផេង សិទ្ធី ​អភិបាលស្រុកគាស់ក្រឡ មកជាអភិបាលក្រុងបាត់ដំបងថ្មី ត្រូវចូលកាន់តំណែងជំនួសលោក សៀង ឯម​វូនស្ហី អភិបាលក្រុងចាស់ ដែលត្រូវបានផ្លាស់ទៅបម្រើការងារនៅសាលាខេត្តបាត់ដំបង, ទី​២៖ លោក ហឿន ឌឿ អភិបាលរងស្រុកមោងឬស្សី មកជាអភិបាលរងក្រុងបាត់ដំបង, ទី៣៖ លោកស្រី សុំ ចិន្តា អភិបាលរងស្រុកសង្កែ មកជាអភិបាលរងក្រុងបាត់ដំបង និងទី៤៖ លោក លាង វាសនា ពីនាយករងរដ្ឋបាលសាលាក្រុង ទៅជាអភិបាលរងក្រុងបាត់ដំបង។

​ចំណែកលោក ឌី ពៅ និងលោក ឈឹម សំណាង អភិបាលរងក្រុងបាត់ដំបងចាស់ ត្រូវផ្លាស់ប្តូរឲ្យទៅបម្រើការងារ នៅសាលាខេត្តបាត់ដំបងវិញផងដែរ៕