(ប៉ៃលិន)៖ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ភាគីថៃបានផ្ដល់ព័ត៌មានថា ខាងទាហានថៃ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ក្នុងករណីលួចឆ្លងដែនអាឈើខុសច្បាប់ នៅក្នុងទឹកដីថៃ ចន្លោះបង្គោលសីមាលេខ៦៧ និង៦៨​ ស្ថិតក្នុងភូមិសាស្រ្ដភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ​ហើយក៏បានទំនាក់ទំនង និងផ្ញើរូបភាពជនសង្ស័យមកឲ្យភាគីខ្មែរ ដែលមានគ្នាចំនួន​០៧​នាក់។

នេះបើយោងតាមការឲ្យដឹង ពីមន្ត្រីឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថា ពលរដ្ឋកម្ពុជា​បានឆ្លងដែនខុសច្បាប់ ដើម្បីចូលទៅលួចកាប់ឈើប្រណិត ក្នុងភូមិសាស្ត្រប្រទេសថៃ​។

សមត្ថកិច្ចបន្តថា ពលរដ្ឋទាំង៧​នាក់៖ ទី១៖ឈ្មោះ ខ្លឹម ចិត្រ ភេទ​ប្រុស អាយុ​៤៣ឆ្នាំរស់នៅ ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង​ប៉ៃលិន, ទី២៖ឈ្មោះ ហ៊ុន សុខសាន្ដ ភេទប្រុស អាយុ​៣៤​ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង​ប៉ៃលិន, ទី៣៖ឈ្មោះ យ៉ាប់ ធា ភេទប្រុស អាយុ​៣២ឆ្នាំ​ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង​ប៉ៃលិន, ទី៤៖ឈ្មោះ ​អឹម ភីន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅភូមិ​បរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង​ប៉ៃលិន, ទី៥៖ឈ្មោះ ​ទិត​ រិន ភេទប្រុស អាយុ​២៤ឆ្នាំ រស់នៅភូមិ​បរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុង​ប៉ៃលិន, ទី៦៖ឈ្មោះ រ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅ​ភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុង​ប៉ៃលិន និងទី៧៖ឈ្មោះ សិទ្ធ ភេទប្រុស អាយុ​២៥ឆ្នាំ រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុង​ប៉ៃលិន។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវបានទាហានថៃបានបញ្ជូនទៅ ស្រុកពោងណាំរ៉ន ខេត្ដចាន់បូរី ប្រទេសថៃ ជនសង្ស័យទាំងអស់កម្លាំងនគរបាលកម្ពុជា បានធ្លាប់ធ្វើការហាមឃាត់ និងអប់រំមិនឲ្យទៅអាឈើខុសច្បាប់នៅក្នុងទឹកដីថៃម្ដងរួចមកហើយ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា​ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានថ្លែងថា សូមឲ្យប្រជាពលរដ្ឋដែលមានគោលបំណង លួចឆ្លងដែនទៅកាប់ឈើក្នុងទឹកដីបន្តទៀត ព្រោះនៅប្រទេសគេមានច្បាប់ មានកម្លាំងប្រដាប់អាវុធការពារឈើព្រៃ នេះសំណាងណាស់កម្លាំងយោធាថៃ មិនបានធ្វើបាញ់ប្រហាអាយុជីវិត ដូច្នេះហើយសូមឲ្យប្រជាពលរដ្ឋត្រូវឈប់ចាញ់បោកក្រុមមេខ្យល់ញុះញង់បន្តទៀតអី ត្រូវចេញស្រលាញ់អាយុជីវិតខ្លួនឯង ជាពិសេសក្រុមគ្រួសាររបស់ខ្លួន​៕