(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការណែនាំរបស់ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការណែនាំបន្តពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹង និងលុបបំបាត់ចំណុះខ្វះខាត ក្នុងកិច្ចប្រតិបត្តិការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដោយចាត់តាំងស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ បើកវគ្គបំប៉នដល់មន្ដ្រីជំនាញរបស់ខ្លួន។

ជាក់ស្ដែងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធាវី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបើក​វគ្គបំប៉នជំនាញ ដល់​មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ប្រមាណជាង១០០នាក់។

លោកវរសេនីយ៍ទោ​ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុងវគ្គបំប៉នជំនាញនេះ រួមមាន៖

ទី១៖លំហាត់របៀបកងជួរ និងក្បាច់គុណ

ទី២៖វិធីសាស្ដ្រចាប់ខ្លួនជនល្មើស និងការប្រើប្រាស់ខ្នោះដៃ (ជនល្មើសបើកបរក្នុងស្ថានភាពស្រវឹងកោងកាច ​ជនល្មើសប្រើហិង្សាតបតជាមួយសមត្ថកិច្ច...)

ទី៣៖ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងទី៤៖ក្រមនីតិវិធីព្រហ្មទណ្ឌ។

បើតាមនាយរងការិយាល័យរូបនេះ ក្នុងវគ្គបំប៉ននេះ កម្លាំងនគរបាលចរាចរណ៍ទាំងអស់នោះ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀងៗខ្លួន ដើម្បីបង្កើនសមត្ថកិច្ចភាពរបស់ពួកគេ៕