(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ បានចាប់ផ្តើមនៅម៉ោងជាង២រសៀល ដោយលោក វ៉ី សំណាង អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកនៃពិធី​ និងមានវត្តមានលោក លោកស្រី ជាថ្នាក់នាំតាមមន្ទីរ លោកអភិបាលក្រុង-ស្រុក និងក្រុមកីឡាករមិនតិចម៉ឺននាក់ទេ​។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងដោយខ្លីថា អ្នកខេត្តកំពង់ស្ពឺពីមុនមានមហាជនច្រើន តែបង្អាប់អ្នកខេត្ត ប៉ុន្តែខេត្តកំពង់ស្ពឺបច្ចុប្បន្ន គឺមានភាពស៊ីវិល័យខ្លាំង នេះដោយសារតែបងប្អូនប្រជាពលរដ្ឋបានស្វែងយល់ និងចូលរួមរាល់ការអភិវឌ្ឍន៍​សង្គម មិនតែប៉ុណ្ណោះចូលរួមយ៉ាងសកម្មវិស័យបរិស្ថានជាតិ បានធ្វើឲ្យមានកំណើនទេសចរណ៍បានយ៉ាងប្រសើរ​។

តាមការលើកឡើងរបស់គណៈកម្មាការរៀបចំបុណ្យអុំទូកខេត្ត បានឲ្យដឹងថា ទូក-ង មានចំនួន៣៣ទូក ដែលមានការប្រណាំងចំនួន២ថ្ងៃ ចាប់រសៀលថ្ងៃទី២៧​ រហូតថ្ងៃផ្តាច់ព្រ័ទ្ធទី២៨ ខែតុលា ឆ្នាំ២០១៧​។ ​ក្នុងទូកមួយមានចំនួន២ជើង មានចម្ងាយ៧០០ម៉ែត្រ មានកីឡាករសរុប៤៥៨​នាក់ កីឡាការិនី៥៤​នាក់​។

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា សន្តិសុខត្រូវបានរឹតបន្តឹង១០០ភាគរយ ដោយមានកម្លាំងការពារ តាមចំណុចសំខាន់ៗគ្រប់គោលដៅ មានក្រុមសង្គ្រោះ និងមានភ្នាក់ងារការពារក្នុងរង្វង់ពិធីថែមទៀត ហើយការរំពឹងទុកមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ នឹងមកចូលរួមទស្សនានាពេលរាត្រីនេះ៕