(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា របាំងធ្នុស ស្បៃមុង សំណាញ់ក្រឡាញឹក និងរបាំងណរ៉ាវ ត្រូវបានគេយកទៅដាក់ដើម្បីចាប់ត្រី នៅចំណុចបឹងព្រែកគ្រោះ ក្នុងភូមិព្រែកគ្រោះ ឃុំព្រែកអំបិល និងក្នុងស្ទឹងកូនជ្រែ ភូមិកូនជ្រែ ឃុំព្រែកអំបិល ចាប់តាំងពីរដូវទឹកឡើងរហូតមកដល់បច្ចុប្បន្ននេះ មិនដែលឃើញជំនាញ ឬអាជ្ញាធរចុះ ទៅបង្ក្រាបនោះទេ។

ពលរដ្ឋបានរាយការណ៍ថា ឧបករណ៍នេសាទទាំងនេះ ក្នុងមួយខ្សែៗ ជិត១០០០ម៉ែត្រ ទៅជាង១០០០ម៉ែត្រ លាតបាំងសន្ធឹងចំច្រកផ្លូវទឹកហូរចេញ ធ្វើឲ្យប្រជាពលរដ្ឋអ្នកប្រកបរបរដំណាំស្រូវប្រាំង មានការព្រួយបារម្ភពីភាពយឺតយ៉ាវ ក្នុងការសាបព្រោះដំណាំស្រូវប្រាំងរបស់ពួកគាត់ ដោយសាររបាំងទាំងនេះស្ទះផ្លូវទឹកហូរយឺត ប៉ុន្តែបើសាបព្រោះរួច អាចបង្កឲ្យលិចលង់ទៅវិញ ដោយសារជំនន់ទឹកភ្លៀង ព្រោះនៅឆ្នាំ២០១៦កន្លងទៅ ដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋ បានរងការលិចលង់អស់រាប់ពាន់ហិកតា ព្រោះតែរបាំងធ្នុស ស្បៃមុងទាំងនេះស្ទះផ្លូវ ដោយអាជ្ញាធរស្រុកស្អាង បានចុះទៅដកកាយកាត់កំទេចចោលទើបធ្វើឲ្យប្រជាពលរដ្ឋ អាចប្រកបរបរស្រូវប្រាំងបាន។

ប្រជាពលរដ្ឋបានលើកឡើងបន្តថា របាំងធ្នុសទាំងនេះ កន្លងមកបានបំផ្លាញដំណាំសូវប្រាំងប្រជាពលរដ្ឋជាច្រើនឃុំក្នុងស្រុកស្អាង ខាតបង់ថវិកាមិនតិច ខ្លះជំពាក់គេវ័ន្តករដល់សព្វថ្ងៃ ប៉ុន្តែអ្នកដែល ទទួលផលពីរបាំងធ្នុសទាំងនេះ មានតែ១០នាក់ទៅជាង១០នាក់នោះទេ ហើយកុំថា ឡើយប្រជាពលរដ្ឋទូទាំងស្រុកស្អាង សូម្បីតែពលរដ្ឋរស់នៅក្នុងភូមិទាំងពីរ ក្នុងឃុំព្រែកអំបិលនេះ បានត្រី១ក្បាលយក មកធ្វើផ្អកធ្វើប្រហុកក៏គ្មានដែរ គឺគេលើកលក់ទៅឲ្យឈ្មួញទាំងឡានៗ ដឹកទៅកាន់តំបន់ផ្សេងៗឬយកទៅធ្វើជាត្រីនុយ។

ប្រជាពលរដ្ឋឆ្ងល់ថា កន្លងមកពួកគាត់ធ្លាប់បានឃើញជំនាញ ចុះទៅបង្ក្រាបបទល្មើសនេសាទដែរ ដោយចុះតាមបឹងនានា លុះពេលទៅជិតដល់មាត់បឹងព្រែកគ្រោះ និងមាត់ស្ទឹងកូនជ្រែ ស្រាប់តែកម្លាំងចម្រុះ ដែលដឹកនាំបង្ក្រាបនោះត្រឡប់ទៅបង្ក្រាបនៅកន្លែងផ្សេងវិញ ដោយឃើញសកម្មភាពបែបនេះ ទើបប្រជាពលរដ្ឋបានចោទថា ជំនាញ និងអាជ្ញាធរ អាចមានការពាក់ព័ន្ធ ជាមួយនិងរបាំងធ្នុសទាំងនេះផ្នែកណាមួយហើយ ទើបមិនធ្វើការបង្ក្រាប ព្រោះបើកចង់បង្ក្រាបរបាំងទាំងនេះមិនចាំបាច់ ជិះទូកជិះការណូតអីនោះទេ គ្រាន់តែជិះរថយន្តទៅលើខ្នងទំនប់បឹងព្រែកគ្រោះ រួចក្រឡេកមើលទៅ បឹងព្រែកគ្រោះ គឺឃើញអណ្តែតពេញលើផ្ទៃបឹងតែម្តង។

ប្រជាពលរដ្ឋបានទទូចហើយទទូចទៀត សូមឲ្យអាជ្ញាធរ និងជំនាញចុះទៅបង្ក្រាបរបាំងធ្នស់ទាំងនេះ កុំបណ្តែតបណ្តោយទុករហូតខូចខាត ផលដំណាំរបស់ពលរដ្ឋទើបធ្វើជាចុះទៅកាយកាត់នោះ ធ្វើបែប នោះឲ្យពួកអស់ជំនឿទៅលើអាជ្ញាធរនិងជំនាញ។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ លោកមេឃុំព្រែកអំបិលបានប្រាប់អ្នកយកព័ត៌មានថា លោកនឹងធ្វើសំណើរទៅជលផលឲ្យចុះមកបង្ក្រាបដល់ចំណុចតែម្តង និងធ្វើលិខិតទៅ សាលាស្រុកសូមឲ្យលោកជួយចាត់វិធានការអញ្ជើញក្រុមអ្នកនេសាទទាំងអស់ មកប្រជុំណែនាំធ្វើយ៉ាង ណាកុំឲ្យប៉ះពាល់ដល់ពលរដ្ឋបន្តទៀត៕