(ស្វាយរៀង)៖ តួលេខថ្មីដែលទើបទទួលបានពីប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ថ្ងៃនេះ មានពលរដ្ឋឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលរកឃើញគ្រាប់គីមីរបស់អាមេរិក ចំនួនដល់ទៅ១៩នាក់ ដែលមានបញ្ហាសុខភាពរមាស់លើស្បែក ត្រូវបានបញ្ជូនមកមន្ទីរពេទ្យខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺទាំង១៩នាក់ មានម្នាក់ជាកុមារអាយុទើបតែ៣ឆ្នាំប៉ុណ្ណោះ មានរមាស់ពេញរាងកាយ។

បើតាមលោក កែរ រដ្ឋា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ មានពលរដ្ឋឃុំគគីរចំនួន១០០នាក់ហើយ បានមកទទួលយកការព្យាបាលជំងឺដែលភាគច្រើនរមាស់លើរាងកាយ ដែលសង្ស័យថាប៉ះពាល់ដោយសារធាតុគីមី ពីគ្រាប់បែកគីមី ខណៈតិចតួចបំផុតមានជំងឺផ្សេង។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា បច្ចុប្បន្នមានបងប្អូនឃុំគគីរ២០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងចំណោម១០០នាក់ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង មានរហូតដល់៨៦នាក់ សង្ស័យប៉ះពាល់សារធាតុគីមី។

នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះថា ក្រោយធ្វើការពិសោធន៍សារធាតុគីមី ក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះអាមេរិក ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា សារធាតុគីមីនៃអាវុធគីមីនោះ  ជាសារធាតុគីមីប្រភេទ​ Nitrogen Mustard ដែលហៅថា​  Blister agents។

នាយឧត្តមសេនីយ៍បានបន្ថែមថា ក្រោយធ្វើការវិភាគដោយប្រើប្រាស់ម៉ាស៉ីនវិភាគ ដែលកុម្មុងទិញពីប្រទេសអាល្លឺម៉ង់ រកឃើញថា សារធាតុគីមីនោះ ជាប្រទេ ​ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារធាតុគីមីនេះ មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្ស​ដូចជា​ ប៉ោងស្បែក រលាកស្បែក​ និងថប់ដង្ហើម​ជាដើម។

លោកបន្តថា សារធាតុគីមី Nitrogen Mustard ដែលហៅថា​  Blister agents គឺស្ថិតនៅក្នុងតារាងទី១​ នៃសារធាតុគីមី ដែលត្រូវហាមប្រាម ដោយអង្គការ OPCW របស់អង្គការសហប្រជាតិ៕