(សៀមរាប)៖ ប្រជាពលរដ្ឋបានបកស្រាយផ្សេងៗគ្នា នៃមូលហេតុដែលបុព្វបុរសខ្មែរយកបដិមាព្រះអាទិទេពសំខាន់ៗ មានព្រះវិស្ណុ (ព្រះនរាយណ៍) ព្រះសេវៈ ព្រះព្រហ្ម ព្រះគណេស ឬរូបចម្លាក់ជាច្រើនទៀត ទៅកប់លាក់ទុកក្រោមដី ប៉ុន្តែនៅមានមូលហេតុធំមួយទៀតដែលបានកើតឡើងពីសម័យបុរាណ ហើយមនុស្សភាគច្រើនមិនបានដឹង។

មូលហេតុដ៏អាថ៌កំបាំងនេះ គឺមានរៀបរាប់ពន្យល់បង្ហាញនៅក្នុងសារមន្ទីរ «ព្រះនរោត្តម សីហនុ-អង្គរ» ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវបដិមាជាច្រើន សម្រាប់ទស្សនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរ នាអតីតកាលផងដែរ ដោយក្នុងនោះអ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រនេះ ក្នុងការទៅទស្សនានៅសារមន្ទីដ៏ពិសិដ្ឋនេះ ហើយបើសម្រាប់កុលបុត្រខ្មែរវិញ ចំណេះដឹងទាំងនេះ គឺមានតម្លៃជាទីបំផុត។

បើនិយាយពីការបម្រែបម្រួលសាសនាវិញ អ្នកទស្សនាអាចយល់ដឹងបន្ថែមទៀត ពីការផ្លាស់ប្តូរសាសនាក្នុងរជ្ជកាលសំខាន់ៗ ដែលបានជះឥទ្ធិពលដល់ចម្លាក់  និងសំណង់ប្រាសាទនានាក្នុងអារ្យធម៌អង្គរ តាមរយៈចម្លាក់សាសនាផ្សេងៗជាច្រើន ដែលមាននៅលើជញ្ជាំងប្រាសាទ។ ផ្អែកតាមការពន្យល់ និងអត្ថាធិប្បាយរបស់មគ្គុទ្ទេសក៍ យ៉ាងហោចណាស់ ក៏អ្នកទស្សនាបានដឹងថា «ការផ្លាស់ប្តូរសាសនា នាំឲ្យមានការប្តូរទីតាំងតម្កល់បដិមាចម្បងៗនៅតាមប្រាសាទ និងរហូតដល់ជញ្ជូនយកបដិមាទាំងនោះ ចេញពីក្នុងប្រាសាទទៅកប់ទុកក្នុងដីចោលទៀតផង»។

តាមរយៈការអត្ថាធិប្បាយដ៏ក្បោះក្បាយ នៃមគ្គុទ្ទេសក៍ប្រចាំសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរនេះ អ្នកទស្សនាអាចទទួលបានចំណេះដឹងជាច្រើន ពីប្រវត្តិសាស្ត្រនៃមនុស្សខ្មែរ ដែលបានរស់នៅលើទឹកដីខ្មែរ តាំងពីក្នុងសម័យកាលដ៏យូរលង់មកហើយ។ មិនតែប៉ុណ្ណោះ តាមរយៈពិព័រណ៍នេះ អ្នកទស្សនាក៏នឹងបានឃើញអំពីប្រពៃណី ទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរ កាលពីជាង៣ពាន់ឆ្នាំមុន កប់សព ដាក់គ្រឿងបន្លុងជាមួយសព និងគ្រឿងអលង្ការផ្សេងៗទៀត។

ក្នុងពេលជាមួយគ្នានេះ អ្នកទស្សនាក៏អាចរៀនសម្គាល់នូវក្បាច់ចម្លាក់ផ្សេងៗ ដែលជារចនាបថនៃចម្លាក់ក្នុងសម័យកាលសំខាន់ៗ ដូចជា សម័យបាភួន សម័យអង្គរ  និងសម័យបាយ័នជាដើម ដែលចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈសម្គាល់ដោយឡែកខុសពីគ្នា។ ម្យ៉ាងទៀត អ្នកទស្សនាក៏អាចឃើញរូបភាពប្លែកគ្នា នៃប្រភេទកុលាលភាជន៍ខ្មែរបុរាណ និងកុលាលភាជន៍បរទេស ដូចជា ចិន និងជប៉ុនជាដើម។

ដើម្បីទទួលបានចំណេះដឹងទាំងនេះពីសារមន្ទីរនេះ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នា ដោយគ្រាន់តែចំណាយប្រាក់ ១,០០០រៀលប៉ុណ្ណោះ សម្រាប់ភ្ញៀវជាតិ។ តម្លៃសំបុត្រចូលទស្សនាសម្រាប់ភ្ញៀវបរទេស គឺ៣ដុល្លារ​ នឹងទទួលបានសេវាកម្មដូចគ្នាដែរ។ ពិព័រណ៍នេះ បើករៀងរាល់ថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច៕