(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទាត់ U19 កម្ពុជាបានធ្វើការវាយបកឈ្នះ U19 មីយ៉ាន់ម៉ាវិញ នៅនាទីទីចុង ក្រោយពេល U19 មីយ៉ាន់ម៉ាបានធ្វើការនាំមុខកម្ពុជា ២-០ កាលពីវគ្គទី១នោះ នៃពានរង្វាន់ជម្រុះប្រចាំទ្វីបអាស៊ី AFC U19 Championship 2018។

៣គ្រាប់វាយបករបស់កម្ពុជា ធ្វើបានសម្រេចនៅនាទីទី៥៦ នាទីទី៧៨ និងនាទីទី៩០+៤ ដែលធ្វើក្រុមគោព្រៃជំទង់កម្ពុជាលទ្ធផលផ្លូវការ ៣-២ ក្រោយបញ្ចប់ការប្រកួតពេញម៉ោង៩០នាទីនៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

៣ពិន្ទុនេះបានធ្វើឲ្យកម្ពុជាឡើងទៅឈរនៅលេខ៣ បណ្តោះអាសន្នក្នុងពូល G ដដែលស្មើនឹង U19 មីយ៉ាន់ម៉ាដែល នៅមានឱកាសពេល ជួបក្រុម U19 ហ្វីលីពីននៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្របពេល U19 មីយ៉ាន់ម៉ា ត្រូវជួបក្រុមខ្លាំង U19 ចិន នៅពហុកីឡដ្ឋានជាតិដូចគ្នា៕