(ភ្នំពេញ)៖ លោក ឡាំ ហេងហួត អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននៅប្រទេសកម្ពុជា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រូវបានពង្រឹងយ៉ាងទូលំទូលាយ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក ឡាំ ហេងហួត តំណាងលោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិ នៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី «ការរៀបចំផែនការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ គ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា»

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីចែករំលែក និងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ស្តីពី ពង្រាងផែនការផ្សព្វផ្សាយ និងអនុវត្តច្បាប់, ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ និងពិគ្រោះយោបល់ និងផ្តោតទៅលើ ១៖ ការយល់ដឹងជាសាធារណៈ ២៖ យន្តការរបស់ស្ថាប័ន ៣៖ គោលនយោបាយ និងគោលការណ៍ណែនាំ ៤៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ និង៥៖ បញ្ហាប្រឈម។

កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះ ដោយមានក្រុមការងារបច្ចេកទេសរបស់អង្គការ ActionAid DCA PIN និង HRF បានសហការជាមួយក្រុមការងារបច្ចេកទេស របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការរៀបចំ ឲ្យកិច្ចប្រជុំនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ លេចចេញជារូបរាងបាន។

អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងយ៉ាងដូច្នោះថា «បច្ចុប្បន្ននៅកម្ពុជា យើង ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រូវបានពង្រឹង យ៉ាងទូលំទូលាយ ហើយស្ថាប័នរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏បានចូលរួមក្នុងសកម្មភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយផងដែរ»

លោក ឡាំ ហេងហួត បានឲ្យដឹងថា ការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាការងារយូរអង្វែង ដែលមិនអាចនិយាយបានថា នឹងបញ្ចប់នៅពេលណា មួយបានឡើយ ពីព្រោះបញ្ហាស្មុគ្រស្មាញ កាន់តែកើតមានឡើងមិនឈប់ឈរ ពីមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ ឬមនុស្ស ក៏ដូចជាមុខសញ្ញាគ្រោះថ្នាក់ និងហានិភ័យ ពាក់ព័ន្ធ បរិស្ថានបច្ចេកវិទ្យា និងជីវសាស្ត្រជាដើម។

លោក បានបន្ថែមទៀតថា អ្វីដែលយើងគួរយកចិត្តទុកដាក់នោះ គឺការងារគ្រប់គ្រងគ្រោះមហន្តរាយ ពុំមែនជាការងាររបស់បុគ្គលណាមួយ ឬរបស់ស្ថាប័នណាមួយនោះទេ គឺជាការងាររបស់យើងទាំងអស់គ្នា គឺជាវិស័យប្រទាក់ក្រឡា ដែលទាមទាចាំបាច់នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ។

អគ្គលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ជំនួយគាំពារជនស៊ីវិល និងមនុស្សធម៌របស់សហគមន៍អឺរ៉ុប (ECHO) ដែលបានគាំទ្រជាហិរញ្ញវត្ថុ និងអង្គការ ActionAid DCA PIN ក៏ដូចជា HRF ដែលបានគាំទ្រជាបច្ចេកទេស ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ៕