(ភ្នំពេញ)៖ បន្ទាប់ពីសាលាអន្តរជាតិស្ទែមហ្វត បានប្រកាសបិទទ្វារ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញមុខសម្របសម្រួលជាមួយមាតា បិតា និងអាព្យាបាលសិស្ស ដែលជាអតីតសិក្សានៅសាលាអន្តរជាតិស្ទែមហ្វត ដោយពួកគាត់អាចទទួលយកសាលាឯកជន ជំនួសវិញដើម្បីឲ្យកូនរបស់ពួកគាត់ចូលសិក្សាបន្ត។

យោយតាមសេចក្តីប្រកាសព័ត៌មាន ដែលភ្នាក់ងារ Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា គ្រប់អាព្យាបាលអតីតសិស្ស ដែលសិក្សានៅនៅសាលាអន្តរជាតិស្ទែមហ្វត ទាំងអស់សម្រេចចិត្តទទួលយកនូវការសម្របសម្រួល របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយមិនតម្រូវឲ្យបង់ប្រាក់ទៅលើការសិក្សារបស់អតីតសិស្សសាលាអន្តរជាតិស្ទែមហ្វត សម្រាប់ឆ្នាំសិក្សានេះ។

រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ អាណាព្យាបាលព្រមទទួលយកសាលាអន្តរជាតិមួយចំនួនដូចជាទី១៖ សាលាប៊ែលធី អន្តរជាតិ, ទី២៖ សាលាវេស្ទើនអន្តរជាតិ, ទី៣៖ សាលាអន្តរជាតិយ៉ូវយក, ទី៤៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍, ទី៥៖ សាលារៀនវ៉េស្ទឡាញន៍, ទី៦៖ សាលាអន្តរជាតិអាមេរិកកាំងប្រ៊ិជ,ទី៧៖ សាលាញូវហ្គេតវ៉េអន្តរជាតិ, ទី៨៖ សាលាអន្តរជាតិសិង្ហបុរី, ទីរ៩៖ សាលាអន្តរជាតិប៊ែនឌែនឡៃ (កម្ពុជា), សាលាអន្តរជាតិវើលដ៏, ទី១១៖ សាលារៀនសុវណ្ណាភូមិ, ទី១២៖ សាលាអន្តរជាតិប៉ាស៊ីហ្វិច, ទី១៣៖ សាលអន្តរជាតិម៉ូឌែន៕