(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានហៅការបង្គាប់បញ្ជារបស់សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ មកលើរាជរដ្ឋាភិបាលកម្ពុជាថា ជាការរំលោភទាំងស្រុងលើអធិបតេយ្យ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយការចេញមុខប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបែបនេះ គឺដើម្បីតែចង់បានសំឡេងគាំទ្រពីប្រជាពលរដ្ឋខ្មែរ ដែលនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

ការប្រតិកម្មយ៉ាងដូច្នេះ ក្រោយពេលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកម្នាក់ បានផ្ញើលិខិតមួយច្បាប់ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន ក្នុងន័យបង្គាប់បញ្ជាមករាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការចោទប្រកាន់ និងដោះលែងមេដឹកនាំគណបក្សប្រឆាំង ទាំងដែលមិនបានដឹងច្បាប់ពីស្ថានការណ៍ជាក់ស្ដែង នៅប្រទេសកម្ពុជាសោះឡើយ។

ឆ្លើយតបនឹងលិខិតបង្គាប់បញ្ជាទាំងទទឹងទិសនោះ លោក ឈាង វុន បានសម្ដែងការសោកស្ដាយចំពោះសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់នេះណាស់ ដែលមកបង្គាប់ បញ្ជា ដាក់កំហិតលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជាបែបនេះ។

លោកថ្លែងយ៉ាងដូច្នេះថា «សមាជិកព្រឹទ្ធសភាម្នាក់នេះ ដោយសារគាត់ចង់បានសន្លឹកឆ្នោតពីប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ដែលរស់នៅសហរដ្ឋអាមេរិក ក្នុងមណ្ឌលដែលគាត់ឈរឈ្មោះ គឺនៅរដ្ឋតិចសាស់ គាត់បានសរសេរសំបុត្រមកដោយរំលោភ ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»

លោកអ្នកនាំពាក្យបានបន្តថា គណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះ បានដឹកនាំប្រទេសជាតិ ដឹកនាំរាជរដ្ឋាភិបាល ពិសេសក្នុងវិស័យការទូត ការអនុវត្តការងាររាជការទាំងអស់ គឺគោរពតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឲ្យប្រើតាំងពីឆ្នាំ១៩៩៣។

លោកបានបកស្រាយថា មិនមែនតែនៅកម្ពុជាទេ ដែលមានការចាប់ខ្លួន និងផ្តន្ទាទោសជនក្បត់ជាតិ នៅប្រទេសតូចធំដទៃទៀត លើសកលលោក ក៏ធ្វើដូចកម្ពុជា ឬអាចលើសនេះទៅទៀត សូម្បីតែសហរដ្ឋអាមេរិកក៏មិនដែលអត់ឱនឲ្យអ្នកនយោបាយណា ដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃដែរ ព្រោះកិច្ចសហប្រតិបត្តិការជាមួយបរទេសនេះហើយ ធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យជាតិ ឯករាជ្យជាតិ ប៉ះពាល់ដល់សេចក្ដីសុខរបស់ប្រជាពលរដ្ឋ។

លោក ឈាង វុន ក៏បានត្រៀមលិខិតមួយច្បាប់ដែរ ដើម្បីផ្ញើទៅឲ្យសមាជិកព្រឹទ្ធសភាអាមេរិក ដល់ក្នុងការិយាល័យរបស់លោកផ្ទាល់ នៅរដ្ឋតិចសាស់ នាថ្ងៃសុក្រស្អែកនេះ ដើម្បីឲ្យលោកដឹងពីសភាពការណ៍ពិតរបស់កម្ពុជា និងឲ្យលោកគិតថាអ្វីទាំងអស់ដែលលោកនិយាយ គឺមិនត្រឹមត្រូវនោះឡើយ ក្នុងនាមជាសមាជិកព្រឹទ្ធសភាម្នាក់។

សូមជម្រាបថា ការប្រតិកម្មខ្លាំងៗរបស់លោក ឈាង វុន ធ្វើឡើងបន្ទាប់ពីសមាជិក​ព្រឹទ្ធសភា​អាមេរិក ​លោក​ ថេត គ្រូហ្ស (Ted Cruz) ​ព្រមាន​ពិចារណា​បិទ​ទិដ្ឋាការ ​VISA ​ចំពោះ​មន្ត្រីកម្ពុជា​មួយចំនួន​ បើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ទាក់ទងនឹង​ក្រុមជំទាស់​មិន​ត្រូវបាន​ដោះស្រាយ​ នៅក្នុង​ខែ​ខាងមុខ​នេះ​ទេ។ នៅក្នុង​លិខិត​របស់​លោក​ Ted Cruz ​សមាជិក​ព្រឹទ្ធសភា ​នៃ​គណបក្ស​សាធារណរដ្ឋ​ មកពីរដ្ឋតិចសាស់ ​ផ្ញើជូន​លោក​ឯកអគ្គរាជទូត​ខ្មែរប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន ​ជុំ ប៊ុនរ៉ុង លោក​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក​ កឹម សុខា ​ហើយ​មិន​ត្រូវ​រំលាយ​គណបក្ស​ជំទាស់​ ហើយ​នឹង​អនុញ្ញាត​ឲ្យមាន​ការ​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី​និងយុត្តិធម៌​នៅ​ពេល​ខាង​មុខ៕