(ប៉ៃលិន)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន លោក ហោ គាឡេង ថ្ងៃទី២៦ តុលា ឆ្នាំ២០១៧នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ របស់គណបក្សសង្រ្គោះជាតិ ឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី អាយុ៣៨ឆ្នាំ ដាក់ពន្ធធានាគារបណ្តោះអាសន្ន ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើសញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថ អ្នករាជការសាធារណៈ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានបញ្ជាក់ថា ឈ្មោះ ឈុន សិទ្ធី ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថអ្នករាជការសាធារណៈ» ប្រព្រឹត្តទៅនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៩៥ និងមាត្រា៥០២ នៃក្របព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ការចាប់ខ្លួនបុគ្គល ឈុន សិទ្ធី ត្រូវបានធ្វើឡើង បន្ទាប់ពីរូបគេបានបង្ហោះវីដេអូមួយ តាមបណ្ដាញសង្គម Facebook ដែលជាការប្រមាថ និងញុះញង់ឲ្យមានការរើសអើងរហូត ប្រើពាក្យឌឺដងទៅកាន់ប្រមុខនៃរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលនិយាយថា «មិនបានចង់បានប្រាក់ខែ៥៧ម៉ឺនរៀលនេះទេ នឹងបើទោះបីប្រាក់ខែរហូតដល់៥៧ម៉ឺនដុល្លារ ក៏មិនចង់បាននោះដែរ»