(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះថា ប្រជាពលរដ្ឋចំនួន១៨នាក់ថ្មីថែមទៀត រស់នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលរកឃើញគ្រាប់បែកគីមី យ៉ាងច្រើនសម្បើបនោះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្រោយរកឃើញមានបញ្ហាសុខភាពរមាស់លើរាងកាយ។

ប្រជាពលរដ្ឋចំនួន១៨នាក់ថ្មីនេះ ធ្វើឲ្យអ្នករងគ្រោះដោយសារគ្រាប់បែកគីមី របស់អាមេរិកកើនឡើងដល់៨៩នាក់ហើយ ដោយប្រជាពលរដ្ឋចំនួន៨៦នាក់ បានទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងកុមារ៣នាក់មកព្យាបាលនៅភ្នំពេញ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា «ថ្ងៃនេះមានប្រជាពលរដ្ឋឃុំគគីរចំនួន១៨នាក់ថ្មីទៀត ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈប្រជាពលរដ្ឋដែលបញ្ជូនមកពីមុនចំនួន២៦នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញចំនួន២៥នាក់ នៅតែស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅឡើយ»

តាមការបញ្ជាក់របស់ ប្រធានមន្ទីរសុខាភិបាល មានប្រជាពលរដ្ឋឃុំគគីរ ដែលរងផលប៉ះពាល់ ដោយសារគ្រាប់បែកគីមី៦លើកហើយ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ដោយលើកទី១ មានចំនួន៨នាក់, លើកទី២ ចំនួន១៥នាក់, លើកទី៣ ចំនួន១៣នាក់, លើកទី៤ចំនួន១៥នាក់, លើកទី៥ មានចំនួន២៦នាក់ និងលើកទី៦នេះ មានចំនួន១៨នាក់ ដោយសរុបចំនួន៩៥នាក់ ក្នុងនោះ៨៦នាក់ មានជំងឺដែលប៉ះពាល់ដោយសារធាតុគីមី របស់គ្រាប់បែកគីមី និង៩នាក់មានកើនជំងឺផ្សេង។ ខណៈកុមារ៣នាក់ ដែលរងគ្រោះដោយគ្រាប់បែកគីមី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញមានអាការៈរមាស់លើរាងកាយ។

គ្រាប់បែកគីមីចំនួន១៥កន្លែងទៀត ត្រូវបានមន្ត្រីជំនាញរបស់ស៉ីម៉ាក់រកឃើញ នៅក្នុងភូមិសាស្ត្រឃុំគគីរ និងឃុំជាប់នោះ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ប៉ុន្តែដែលគួរឲ្យសោកស្តាយ និងឈឺចាប់បំផុតនោះ គឺទូតសហរដ្ឋអាមេរិក ដែលជាម្ចាស់គ្រាប់បែកគីមីនេះ និយាយថា គ្រាប់បែកទាំងនោះជាឧស្ម័នបង្ហូរទឹកភ្នែកប៉ុណ្ណោះ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។

ភ្លាមៗបន្ទាប់ពីទូតអាមេរិកនិយាយបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមកទាត់ចោល សំដីដ៏ឥតខ្មាសអៀននេះ ហើយសូមអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីជំនាញរបស់អាមេរិក រួមទាំងអង្គការសហប្រជាជាតិផងដែរ ចុះទៅកាន់ទីតាំងគ្រាប់បែកគីមីនោះដោយផ្ទាល់ ហើយបើមិនជឿទៀតនោះ អាចយកដៃកាន់ និងហិតលេងក៏បាន។

ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន​ មេត្តាជួយចូលរួមប្រុងប្រយ័ត្ន និងជួយថែរក្សាតំបន់សុវត្ថិភាព​ ស្លាកសញ្ញា​សំគាល់គ្រោះថ្នាក់​ និងស្ថិតនៅឆ្ងាយពីគ្រាប់បែកទាំងនេះ ចៀសវាងដាច់ខាត ទៅគាល់កកាយដោយយល់ថា គ្មានគ្រោះថ្នាក់​ ឬគ្រោះថ្នាក់ត្រឹមហៀរទឹកភ្លែក ព្រោះជាក់ស្តែងមន្ត្រីស៊ីម៉ាក់ គ្រាន់តែដាច់ស្រោមដៃតិចតួចក៏ពង រមាស់ពេញដៃ។

លើសពីនេះទៅទៀតនោះ លោកក៏បានអំពាវនាវដល់អង្គការហាមឃាត់អាវុធគីមី របស់អង្គការសហប្រជាជាតិ​ ចុះមកត្រួតពិនិត្យ និងផ្តល់របាយការណ៍​ប្រកបដោយតម្លាភាព​ ដើម្បីមន្ត្រីជំនាញកម្ពុជាមានវិធានការ សមស្របជួយប្រជាជន។

សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាម​មានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥,២៧៥ទីតាំង ​(ឬកំណត់ត្រា)​ មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក​ មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់​ មានទំងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួន​ជាង២៧លាន៩សែនគ្រាប់​។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ! ខាងលើនេះជាការពិតជាក់ស្តែង​ ដែលបានកើតលើប្រជាជន និងប្រទេសដ៏កំសត់មួយនេះ៕