(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងសម្តែងការគួរសមជាមួយប្រធានសមាគមជប៉ុន-កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោក តាកាហាស៊ី ហ្វូមីយ៉ាគី បានថ្លែងថា សមាគមរបស់លោក ជាសមាគមឯករាជ្យមួយ ដែលរួមផ្ដុំដោយក្រុមអ្នកវិនិយោគជប៉ុន ដើម្បីធ្វើការងារលើវិស័យមនុស្សធម៌នៅកម្ពុជា តាំងតែពីមានអ្នកចូលរួម៣០នាក់ រហូតដល់បច្ចុប្បន្នមានក្រុមហ៊ុនជាង២០០ ដែលជាក្រុមហ៊ុនវិនិយោគនៅកម្ពុជា និងបានបន្តបរិច្ចាគធនធានដល់សមាគម ដើម្បីយកទៅជួយបន្តដល់ប្រជាពលរដ្ឋកម្ពុជា។

លោក តាកាហាស៊ី បានបន្តថា ចាប់ពីឆ្នាំ២០០៣-២០០៧ សមាគមជប៉ុន-កម្ពុជា បានធ្វើការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ក្នុងនោះលោកបានមើលឃើញពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេស ពិសេសបានទាក់ទាញវិនិយោគជប៉ុន។

លោកស្រី ឃួន សុដារី បានស្វាគមន៍ និងបានលើកឡើងថា មិត្តភាពរវាងប្រទេសកម្ពុជា-ជប៉ុន មិនត្រឹមតែល្អសម្រាប់វិស័យសុខាភិបាលប៉ុណ្ណោះទេ ទេសចរជាតិជប៉ុន ថែមទាំងបានមកទស្សនាកម្ពុជា ហើយកម្ពុជាក៏បានទៅទស្សនាជប៉ុនកាន់តែច្រើនផងដែរ ដែលនេះជាការជួយដល់ការអភិវឌ្ឍនៅកម្ពុជា។

លោកស្រីថា កាកបាទក្រហមជប៉ុន បានជួយដល់កាកបាទក្រហមកម្ពុជាយ៉ាងច្រើន ដូចជា ឧបករណ៍នៃការជួយសង្គ្រោះបេះដូង ការបំប៉នសមត្ថភាពជនបង្គោលរបស់កាកបាទក្រហមកម្ពុជា ពិសេសវិធីសង្គ្រោះបឋមជាដើម។

លោកស្រីបន្តថា កាកបាទក្រហមកម្ពុជា បាននិងកំពុងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយ តាមរយៈការងារមនុស្សធម៌ផងដែរ៕