(ត្បូងឃ្មុំ)៖ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ គឺលោក អ៊ុក យ៉ុន អាយុ៧០ឆ្នាំ បានប្រកាសចាកចេញពីគណបក្សប្រឆាំងរបស់ខ្លួន មកចួលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ។

ជាមួយគ្នានេះ លោក អ៊ុក យ៉ុន ក៏បានហៅលោក កឹម សុខា និងមេដឹកនាំគណបក្សសង្គ្រោះជាតិជាជនក្បត់ជាតិ ដែលឱនក្បាលបម្រើបរទេស។ ការប្រកាសរបស់សមាជិកក្រុមប្រឹក្សារូបនេះ បានធ្វើឡើង បន្ទាប់ពីរូបគាត់​បានមើលវិដេអូឃ្លីបរបស់លោក កឹម សុខា និងលោក សម រង្ស៊ី​ ដែលបម្រើបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

យោងតាមលិខិតស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច លោក អ៊ុក យ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការបម្រើឲ្យបរទេស ដូចដែលបានឃើញតាមរយៈវីដេអូឃ្លឹប ហេតុដូច្នេះហើយធ្វើឲ្យខ្ញុំអស់ជំនឿ ទៅការដឹកនាំរបស់គាត់។ ហេតុដូច្នេះខ្ញុំសុខចិត្ត​ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍន៍ សន្ដិភាព និងការរីកចម្រើនយ៉ាងពិតប្រាកដ»។

សូមបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ លោក អ៊ិន យ៉ោន ក៏បានប្រកាសចាកចេញពីគណបក្សប្រឆាំងរបសខ្លួន មកចួលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។

ដោយឡែកនៅខេត្តកំពង់ចាម ជំទប់ទី១ឃុំខ្ចៅ ស្រុកកងមាស និងជំទប់ទី១ ឃុំគោករវៀង ស្រុកជើងព្រៃ មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសដើរចេញពីគណបក្សប្រឆាំងមួយនេះ ហើយសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ហើយនៅថ្ងៃនេះ ចៅសង្កាត់ ចៅសង្កាត់រងទី១ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ សុរប៣នាក់ នៃសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានប្រកាសជាសាធារណៈ និងសរសេរលិខិតចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៣រូបហើយ សម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងលោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត នៅថ្ងៃទី២២ ខែតុលា និងនៅថ្ងៃទី២៥ ខែតុលា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល៕