(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ​ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងជូនដំណឹងដល់ប្រជាពលរដ្ឋរស់ នៅតាមបណ្តាលមួយចំនួន ក្នុងរាជធានីភ្នំពេញ អំពីការបិទផ្លូវ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ ចំនួន៣ថ្ងៃនាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ថ្លែងបែបនេះ ក្នុងឱកាសលោកដឹកនាំមន្ត្រីសមត្ថកិច្ចចម្រុះ បើកកិច្ចប្រជុំពិភាក្សា ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់បុណ្យអុំទូក បានធ្វើឡើងនៅក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបន្តថា សាលារាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ បានបង្រួញផ្លូវដោយបិទផ្លូវ និងមហាវិថីមួយចំនួន ដើម្បី​កាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ ដូច្នេះហើយសមត្ថកិច្ចយើងសម្រេចចិត្ត ត្រូវតែបិទផ្លូវ មិនឲ្យយានយន្តធ្វើចរាចរណ៍ នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់បន្ថែមទៀតថា ក្នុងថ្ងៃបុណ្យអុំទូកខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការបិទផ្លូវចាប់ពីម៉ោង១៖០០រសៀល ដល់ម៉ោង១២៖០០យប់ ការបិទផ្លូវនេះ គឺទុកឲ្យប្រជាពលរដ្ឋដើរធម្មតា គឺបិទផ្លូវតែយានជំនិះទេ ដូចជាមធ្យោបាយដូចជា៖ ឡាន ម៉ូតូ មូលហេតុអាចនាំឲ្យកកស្ទះចរាចរណ៍។

បើតាមលោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ផ្លូវដែលហាមឃាត់មិនឲ្យរថយន្ត ធ្វើចរាចរណ៍រួមមាន៖ ផ្លូវលេខ១៣០, ផ្លូវលេខ៥, ផ្លូវលេខ១៥៤, ផ្លូវលេខ១៩, មហាវិថីនរោត្តម, ផ្លូវលេខ២២៨, ផ្លូវ២១៤, ផ្លូវលេខ៥១, ផ្លូវ២៩៤, និងផ្លូវសុធារសជាដើម៕