(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ បានបញ្ជាក់ថា ដើម្បីឲ្យបានជ្រួលជ្រាបកាន់តែច្បាស់ ពីទុក្ខកង្វល់ ឫតម្រូវការចាំបាច់របស់ជាពលរដ្ឋ តើមានអ្វីខ្លះ? គឺមិនត្រូវធ្វើជាមន្ត្រីជើង១០ឡើយ តែត្រូវធ្វើជាមន្ត្រីជើង២ ចាំបាច់ត្រូវចុះជួបផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីរិះរកដំណោះស្រាយ ជូនឲ្យទាន់សភាពការ «ពោលបើអេះ ត្រូវអេះឲ្យចំកន្លែងរមាស់ ទើបបាត់រមាស់» ឲ្យស្របទៅតាមអនុសាស្ត្រដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជន កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់និងអត់បាយឡើយ ក្នុងការពង្រឹងចិញ្ចឹមចលនាគណបក្ស ឲ្យកាន់តែមានតម្លាភាព។

លោក ជា ពិសី បានបញ្ជាក់បែបនេះ នៅពេលដាក់បទបញ្ជាឲ្យប្រធានគណៈចលនាស្ត្រីខណ្ឌ លោកស្រី អាន ផល្លា បន្តសកម្មភាពដឹកនាំសហការី ចៅសង្កាត់ មេភូមិ មេក្រុម ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសរុបប្រមាណជា ៦,៩៥០,០០០រៀល (៦លាន៩សែន៥០ម៉ឺនរៀល) មកបរិច្ចាកជូនប្រជាពលរដ្ឋក្រីក្រតាមខ្នងផ្ទះជាច្រើនគ្រួសារ ជាបន្តបន្ទាប់ មានទាំងអ្នកជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជនទីទាល់ក្រ គ្មានទីពឹងជួលផ្ទះគេ ចាំផ្ទះឲ្យគេ បុណ្យសពតាមទីវត្តអារ៉ាម «ពោលគឺជនងាយរងគ្រោះ» រយៈពេល២៥ថ្ងៃជាប់គ្នា ចាប់តាំងពីថ្ងៃទី៣០ រហូតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះ លោកស្រី អាន ផល្លា តំណាងលោក ជា ពិសី បានផ្ដាំផ្ញើសួរសុខទុក្ខ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា សូមឲ្យជួយសហការនិងរាយការណ៍ផង ពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនងាយរងគ្រោះ ដើម្បីមានវិធានការរិះរកដំណោះស្រាយជូនជាថវិកា សម្ភារ ឬគ្រឿងឧបភោគបរិភោគឲ្យទាន់ពេលវេលា និងទាន់សភាពការ​ ជាពិសេសដើម្បីពង្រឹងចិញ្ចឹមចលនាគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ឲ្យកាន់តែមានតម្លាភាព ស្របតាមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕