(ភ្នំពេញ)៖ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧នេះ លោក គ្រីស្គ វីលៀម (Christ William) នាយកប្រតិបត្តិក្រុមប្រឹក្សាសហប្រតិបត្តិការទឹកស្អាត និងអនាម័យ (WSSCC) បានឯកភាពបន្តជួយដល់កម្ពុជាទៀតលើផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៥ លើវិស័យទឹកស្អាត និងអនាម័យ នៅខេត្តគោលដៅចំនួន ១១ ក្នុងប្រទេសកម្ពុជា តាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។

ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីលោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គការផ្លែន (PLAN) ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាច្រើនរូបទៀត។

លោក គ្រីស្គ វីលៀម បានបញ្ជាក់ថា ការអនុវត្តការងារកន្លងមករបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គឺជាការល្អប្រសើរណាស់ ព្រោះវាជាការធ្វើសមាហរណកម្មរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសក្រសួងមហាផ្ទៃដែលទទួលខុសត្រូវលើផ្នែកវិមជ្ឈការ។

លោកថា សព្វថ្ងៃគម្រោងរបស់ WSSCC ធ្វើផ្ទាល់ជាមួយអាជ្ញាធរភូមិ ឃុំ ខេត្ត និងប្រជាពលរដ្ឋនៅខេត្តគោលដៅទាំង១១ រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, កណ្តាល នៅដំណាក់កាលទី១ និងសម្រាប់ដំណាក់កាលទី២ ធ្វើនៅខេត្តកំពត, កំពង់ឆ្នាំង, ក្រចេះ, ព្រៃវែង និងកំពង់ធំ។ លោកបញ្ជាក់ទៀតថា គោលដៅសំខាន់របស់គម្រោង WSSCC គឺធ្វើយ៉ាងណាផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋពីការប្រើប្រាស់ទឹកមិនស្អាត មកប្រើប្រាស់ទឹកដែលមានសុវត្ថិភាព និងប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាលមកប្រើប្រាស់បង្គន់អនាម័យវិញ។ នៅពេលប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់បានហើយ, ពេលនោះ ពួកគាត់នឹងផ្តើមធ្វើអ្វីៗដោយខ្លួនគាត់ផ្ទាល់ឆ្ពោះទៅរកគុណភាពជីវិតល្អប្រសើរ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានថ្លែងអំណរគុណដល់ WSSCC និងម្ចាស់ជំនួយទាំងអស់ ដែលបានផ្តល់ការគាំទ្រដល់វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា និងបានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគម្រោងទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ ដើម្បីកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ ឲ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា ជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា កន្លងមក ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អនុវត្តបានជោគជ័យនូវយុទ្ធសាស្ត្រជាតិចំនួន ០៣ គឺយុទ្ធសាស្ត្រជាតិគាំពារសង្គម ជនក្រីក្រ និងជនងាយរងគ្រោះ, យុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងយុទ្ធសាស្ត្រជាតិជំរុញភូមិ១ ផលិតផល១ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ទឹកស្អាត និងអនាម័យ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រោះជំងឺភាគច្រើនកើតមកពីការទទួលទានទឹកមិនស្អាត ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ពិសេសស្ត្រីមានផ្ទៃ និងកុមារ។ ដូច្នេះ ជោគជ័យលើវិស័យទឹកស្អាត និងអនាម័យ ក៏ជាការរួមចំណែកដ៏សំខាន់ដល់ការកែលម្អរអាហារូបត្ថម្ភផងដែរ។ កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារកម្ពុជាបច្ចុប្បន្ន ប្រមាណ ៣២% មានស្ថានភាពក្រិសក្រិន, ៥៥% កើតជម្ងឺស្លេកស្លាំង និង ២៤% កើតមិនគ្រប់ទម្ងន់។ ដូច្នេះ យើងត្រូវជំរុញវិស័យទឹកស្អាត និងអនាម័យនេះ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ដើម្បីរួមចំណែកលើកម្ពស់អាហារូបត្ថម្ភ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ដូចជា កម្មការិនីឆ្លងទន្លេនឹងអាចឈប់សម្រាកបាន ៣ខែ ដោយទទួលបានប្រាក់ ១២០% នៃប្រាក់ខែ និងទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល, បើកូនភ្លោះនឹងទទួលបាន៨០ម៉ឺនរៀល ហើយបើកូនភ្លោះ៣ នឹងទទួលបាន ១២០ម៉ឺនរៀល, កម្មការិនីមានផ្ទៃពោះអាចចេញមុនម៉ោង១៥នាទី, កម្មករ-កម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ អាចទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរដ្ឋ។ល។

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសហប្រតិបត្តិការទឹកស្អាត និងអនាម័យ (WSSCC) ដែលបន្តជួយដល់វិស័សទឹកស្អាត និងអនាម័យនៅកម្ពុជា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ នៅខេត្តគោលដៅទាំង ១១ខាងលើ ហើយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ (WSSCC) ដើម្បីលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើង និងសម្រេចឲ្យបានតាមគោលដៅដែលបានគ្រោងទុក ព្រោះយើងមានគោលបំណងដូចគ្នា នោះគឺការកែទម្លាប់រស់នៅមិនល្អ និងធ្វើឲ្យប្រឡើងនូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕