(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៤៥ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៩,៦៤១នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៤,៦៧៧នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទើបចេញផ្សាយនៅថ្ងៃទី២៦ ខែតុលានេះបានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤៤៨,៤១០នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈសល់១៤ថ្ងៃទៀតការចុះឈ្មោះបោះឆ្នោតត្រូវបញ្ចប់។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕