(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានអញ្ជើញចុះពិនិត្យផ្លូវបេតុងថ្មី១ខ្សែ ប្រវែង២៤២ម៉ែត្រ ទទឹង០៦ម៉ែត្រ ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ដែលទើបស្ថាបនារួចរាល់ និងបានចុះជួបសួរសុខទុក្ខផ្ទាល់ជាមួយប្រជាពលរដ្ឋនៅទីនោះ។

លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងបានគិតគូរពីការលំបាក និងតម្រូវការនានា របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន និងបានលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ អភិបាលខណ្ឌរូបនេះ បានទទួលយកសំណើរមួយចំនួនរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនភ្លាមៗផងដែរ ហើយបញ្ហាខ្លះដែលមិនទាន់ ដោះស្រាយបានភ្លាមៗ លោកនឹងចាត់ឲ្យក្រុមការងារដោះស្រាយតាមក្រោយ។

បងប្អូនប្រជាពលរដ្ឋទាំងអស់ បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់គិតគូរ ដល់ការលំបាករបស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយផ្លូវមួយខ្សែនេះនឹងជួយសម្រួល ដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងខ្លាំង៕