(ភ្នំពេញ)៖ ឆ្លើយតបនឹងសភាពការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ជប៉ុន បានប្រកាសថា ខ្លួនមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ ហើយនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគាត ព្រមទាំងបន្តផ្តល់ជំនួយដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខនេះផងដែរ។

ជំហរដ៏ម៉ឺងម៉ាត់របស់ជប៉ុនក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបនឹងស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ននេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Iwao HORII អនុរដ្ឋមន្រ្ដីការបរទេសជប៉ុននាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ក្នុងជំនួបនោះក្រៅពីការពិភាក្សាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកបង្ហាញស្ថានការណ៍នយោបាយនៅកម្ពុជាផងដែរ។

លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានអរគុណលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ដែលបានលើកបង្ហាញបង្ហាញពីបញ្ហានយោបាយនៅកម្ពុជា។ លោក Iwao HORII បានគូសបញ្ជាក់ថា ជប៉ុននៅតែរក្សាជំហរគាំទ្ររាជរដ្ឋាភិបាលកម្ពុជាទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដោយមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។

លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បានបញ្ជាក់ដែរថា ខ្លួននៅតែបន្តផ្តល់ជំនួយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខ ហើយរំពឹងថា ការបោះឆ្នោតនឹងប្រព្រឹត្តដោយតម្លាភាព និងត្រឹមត្រូវ។

សូមបញ្ជាក់ថាឆ្លើយតបកំដៅនយោបាយនៅកម្ពុជា ជាពិសេសការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពាក្យបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ ក៏ដូចជាការធ្វើវិសោធនកម្មច្បាប់ ដើម្បីបែងចែកអាសនៈរបស់គណបក្សប្រឆាំង បាននិងកំពុងធ្វើឲ្យមានការប្រតិកម្មមួយចំនួនពីសហគមន៍អន្តរជាតិមានប្រទេសអាមេរិក និងសហគមន៍អឺរ៉ុប។ តែចំពោះមុខប្រតិកម្មនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានប្រកាសហើយថា សម្ពាធអន្តរជាតិមិនអាចរារាំងការអនុវត្តន៍ច្បាប់ចំពោះលោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិបាននោះឡើយ៕