(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងកោត សរសើរដល់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ជាពិសេសលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា បានប្រឹងប្រែងក្នុងការលើកកម្ពស់ និងផ្តល់ឱកាសសម្រាប់មន្រ្តីរាជការជាស្រ្តីនៅក្នុងក្រសួង។

ការថ្លែងកោតសរសើររបស់លោកស្រីឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ។

ក្នុងពិធីនោះលោក ប៉ាន សូរស័ក្តិ បានផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម ដែលទទួលស្គាល់ជាផ្លូវការនាពេលនេះ និងសង្ឃឹមថា គណៈកម្មការសាខាសមាគមនារីនេះ នឹងខិតខំជំរុញសកម្មភាពការងារឲ្យបានសម្រេចនូវលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងឆន្ទៈរបស់បងប្អូននារីយើង ព្រមទាំងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំក្រសួង រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា សកម្មភាពលើកកម្ពស់ និងផ្តល់ឱកាសដល់ស្រ្តីដែលជាមន្រ្តីរាជការ នៅក្នុងក្រសួងពាណិជ្ជកម្ម នឹងរឹតតែជួយជំរុញមន្ត្រីរាជការជានារីបានរួមចំណែកកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុក «ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម»។

លោកស្រ្តីឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនារីរតនៈ នឹងផ្តោតលើការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការពង្រឹងសមត្ថភាពចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបង្កើនលទ្ធភាពដល់សហគ្រិននារីក្នុងការទទួលបាន សេវាឥណទានខ្នាតតូច និងមធ្យម ដែលប្រការនេះទាមទារឲ្យគ្រប់ក្រសួង ស្ថាប័ន ព្យាយាមពង្រីកពង្រឹងសមត្ថភាពគាំទ្រ និងបង្កឱកាសឲ្យស្រ្តីបានចូលរួមរាល់សកម្មភាព ជីវភាពឲ្យបានពេញលេញ និងប្រកបដោយសមធម៌បំផុតដូចពាក្យថា «ស្រ្តីជាមាតានៃពិភពលោក»។

ដើម្បីពង្រឹងសកម្មភាពរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងពាណិជ្ជកម្មនោះ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានផ្តល់អនុសាសន៍មួយចំនួនផងដែរ៖

១. សមាសភាពដែលបានកែសម្រួល និងសមាសភាពបន្ថែមថ្មី សូមឲ្យអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ
២. គោរពអនុវត្តន៍តាមស្មារតីលក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
៣. ថ្នាក់ដឹកនាំក្រសួងជួយផ្តល់ឱកាស និងផ្តល់អាទិភាពដល់នារីក្នុងការប្រលងជ្រើសរើសក្របខ័ណ្ឌ ការដំឡើងឋានៈ តួនាទី និងការចូលរួមកម្មវិធីនានារបស់ក្រសួង
៤. ត្រូវខិតខំការពារផលប្រយោជន៍របស់ស្រ្តី និងទប់ស្កាត់កុំឲ្យមានការរើសអើងចំពោះមន្ត្រីរាជការជាស្រ្តី នៃក្រសួងពាណិជ្ជកម្ម និងស្រ្តី នៅទូទាំងប្រទេស
៥. ត្រូវជំរុញឲ្យស្រ្តីក្នុងតួនាទីត្រូវខិតខំកសាងសមត្ថភាពខ្លួន និងត្រូវមានទំនុកចិត្ត និងជំនឿជឿជាក់លើខ្លួនឯង ដើម្បីឲ្យស្រ្តីទទួលបានឋានៈតួនាទី និងសិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ
៦. ត្រូវខិតខំកសាង និងអភិវឌ្ឍន៍សមាជិកជាស្ត្រីបន្ថែមទៀត
៧. ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្ថាប័នដទៃ និងផ្នែកឯកជនដើម្បីលើកកម្ពស់ស្រ្តី
៨. ត្រូវខិតខំអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ​ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ពីបញ្ហាស្រ្តី៕