(ភ្នំពេញ)៖ លោក សេង ឈួន ប្រធានក្រុមការងារត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ បានដឹកនាំកម្លាំងឆ្មក់ចុះទៅចាប់ត្រួតពិនិត្យរថយន្តដឹកដី ២៩គ្រឿង ពេលកំពុងធ្វើចរាចរណ៍ដឹកដីនៅក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ 

ប្រតិបត្តិការត្រួតពិនិត្យទម្ងន់រថយន្តដឹកដីទាំងនេះ បានរកឃើញថា រថយន្តដឹកដីទាំង ២៩គ្រឿងនេះដឹកលើសទម្ងន់ចន្លោះពី ៥តោន រហូតដល់ទៅ ៣៣តោន។ ក្រោយពេលថ្លឹងរកឃើញថា ដឹកលើសទម្ងន់កំណត់ហើយនោះរថយន្តទាំងអស់ត្រូវបានឃាត់ទុករង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយទៅតាមនីតិវិធី ជាពិសេសត្រូវបង់ការផាកពិន័យទៅតាមច្បាប់ដឹកជញ្ជូន ដែលមានជាធរមាន។

លោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថយន្តដឹកលើសទម្ងន់ទាំងអស់នេះ រងការផាកពិន័យសរុប ២០០លានរៀល។

ជាមួយនឹងប្រតិបត្តិការក្តៅបង្រ្កាបរថយន្តដឹកលើសទម្ងន់ទាំងនេះ លោក សេង ឈួន បានថ្លែងថា ដោយគោរពតាមការចង្អុលបង្ហាញរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ នឹងចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន នៅគ្រប់កន្លែងទាំងអស់ ដើម្បីរារាំងការដឹកលើសទម្ងន់ ដែលនាំឲ្យខូចផ្លូវធ្ងន់ធ្ងរនោះ។

លោក សេង ឈួន បានគូសបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបរថយន្តដឹកលើសទម្ងន់នេះ នឹងធ្វើឡើងដោយតម្លាភាព ដោយមិនមានការអន្តរាគមន៍ជាដាច់ខាតទោះបីរថយន្តដឹកលើសទម្ងន់នោះជារបស់អ្នកមានឥទ្ធិពល ឬមានអំណាចក៏ដោយនោះ។

លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នេះ គឺមិនរាថយនោះឡើយ ហើយធ្វើជាប់ជាប្រចាំថែមទៀតផង។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកលើសទម្ងន់នេះ ធ្វើគ្រប់រថយន្ត និងស្មើភាព ដោយមិនមានការអន្តរាគមន៍នោះឡើយ បើទោះបីម្ចាស់រថយន្តដឹកជញ្ជូនទាំងនោះ ជាអ្នកមានអំណាច មានឥទ្ធិពល ឬក៏មានលុយក៏ដោយនោះ។

លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ម្ចាស់រថយន្តដឹកជញ្ជូន ឲ្យគោរពច្បាប់ដឹកជញ្ជូន និងកម្រិតទម្ងន់ ដែលកំណត់ដោយច្បាប់ចៀសវាងការធ្វើឲ្យខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលខិតខំសាងសង់ឡើង។ លោកទេសរដ្ឋមន្រ្តីថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមិនចង់បានលុយផាកពិន័យពីការដឹកលើសទម្ងន់នោះទេ ព្រោះលុយយកពីការផាកពិន័យ មិនអាចយកមកទូទាត់ជាមួយទំហំនៃការខូចខាតផ្លូវ ហើយក៏មិនអាចយកជួសជុលផ្លូវឡើងវិញបាននោះឡើយ។

បើទោះបីមានការអំពាវនាវ និងមានចំណាត់ការផ្លូវច្បាប់តឹងរឹងរហូត​ មានការចាប់រថយន្តដឹកលើសទម្ងន់ ជាបន្តបន្ទាប់យ៉ាងណាក្តី តែគេនៅតែសង្កេតឃើញអ្នករកស៊ីដឹកជញ្ជូនមួយបន្តដឹកលើសទម្ងន់ ដោយមិនញញើតនឹងច្បាប់នោះឡើយ ដែលជាហេតុនាំឲ្យផ្លូវប្រឈមការខូចខាត ព្រោះការដឹកលើសទម្ងន់ទាំងនេះផងដែរ៕