(តាកែវ)៖ សត្វព្រៃដ៏កម្រប្រមាណជាង១តោន ដែលក្រុមឈ្មួញខិលខូចលួចដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទឹក ស្រុកអង្គបូរី ខេត្តតាកែវ ត្រូវបានមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះស្ទាក់ចាប់បាននាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិស្វាយលើ ឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ។

លោក ឈឹម សុវត្ថិឌី មេបញ្ជាការរងកងរាជអាវុធខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ ឲ្យដឹងថា សត្វព្រៃ ដែលសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធខេត្ត ក្រោមការដឹកនាំសម្របសម្រួល ពីលោកព្រះរាជអាជ្ញាខេត្តតាកែវ ជាវ ច័ន្ទតារា បានស្ទាក់ចាប់រថយន្តមួយតោនកន្លះមួយគ្រឿង នៅចំណុចខាងលើ ដែលផ្ទុកទៅដោយសត្វព្រៃដ៏កម្ររួមមាន៖ ពស់វែក, ពស់សង់សឿ, ពស់ថ្លាន់, និងអណ្ដើក ប្រមាណជាង១តោន និងជនសង្ស័យពីរនាក់ ដោយម្នាក់ជាអ្នកបើករថយន្ត និងម្នាក់ទៀតជាព្រូឡាន។ 

លោក ឈឹម សុវត្ថិឌី បានបន្តថា ក្រោយការឃាត់រថយន្តដែលផ្ទុកដោយសត្វព្រៃ និងជនសង្ស័យសមត្ថកិច្ចបានប្រគល់សត្វព្រៃទាំងអស់នោះ ឲ្យទៅមន្រ្តីមេព្រៃខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ដោយឡែក ជនសង្ស័យពីនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានឆ្លើយថា ម្ចាស់សត្វទាំងអស់នេះជាជនជាតិវៀតណាម ហើយខ្លួនគ្រាន់តែជាកម្មករ បើករថយន្តស៊ីឈ្នួលតែប៉ុណ្ណោះ។

យោងតាមលួចខ្សិបខ្សៀវពីមន្រ្តីអាវុធហត្ថតូចតាចបានលួចបង្ហើបថា សត្វព្រៃនេះបានដឹកឆ្លងកាត់ខេត្តតាកែវ យកទៅលក់នៅប្រទេសវៀតណាម ស្ទើតែរាប់មិនអស់ទៅហើយកន្លងមក តែមិនមានសមត្ថកិច្ចណាហ៊ានចាប់នោះទេ ព្រោះសមត្ថកិច្ចទាំងអាវុធហត្ថ នគបាល និងទាហាន ជាពិសេសពួកមេព្រៃដែលមានលោក ស៊ីម ឡាប៉ាំង ជាប្រធានបានត្រូវថ្នាំសណ្ដំពួកឈ្មួញទាំងអស់នោះរួចអស់ហើយ៕