(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៅក្នុងជួររាជរដ្ឋាភិបាលមួយរូបបានសម្ដែងការខកចិត្ត ហើយបានស្នើសុំឲ្យនាយខ្វែក ជួយផ្សាយជូនដំណឹងទៅសាលារាជធានីមានវិធានការលប់បំបាត់ជាបន្ទាន់ផង បើមិនដូច្នេះទេ «មួយដំបរស្មើរនឹងបួន» ដូចតែគ្នាទេ។

រឿងដែលមន្ត្រីជាន់ខ្ពស់មើលឃើញពីទង្វើអសកម្មរបស់មន្ត្រីអាជ្ញាធរសមត្ថកិច្ចថ្នាក់ក្រោម នាំគ្នាឆ្លៀតឱកាសឃើញកន្ទេលធំបន្លំដេកនេះ គឺដោយសារតែបច្ចុប្បន្ននៅតាមផ្លូវស្ពាន លីយ៉ុងផាត់ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន សម្រេចទិញយកស្ពាននេះពីក្រុមហ៊ុនឈប់ឲ្យយកលុយពីរថយន្តបើកឆ្លងកាត់ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់ដោយសេរី ដោយមិនមានការបង់ប្រាក់គិតចាប់តាំងពីថ្ងៃទី១៥ ខែតុលាថ្មីៗនេះរួចមក បែរជាលេចមុខសមត្ថកិច្ចមួយក្រុមដែលគេឃើញមានស្លៀកពាក់ឯកសណ្ឋាននគរបាលចរាចរ និងឯកសណ្ឋានមន្ត្រីសណ្ដាប់ធ្នាប់ចុះទៅឈរជើងនៅចំណុចផ្លូវស្ពាន លីយ៉ុងផាត់ កែងផ្លូវជាតិលេខ៦អា ដោយដាក់ឆ័ត្រដាក់បារ៉ាស់ នៅចំណុចកាច់ជ្រុងមុខការ៉ាស់សាំង លីម ឡុង ចាំឃាត់រថយន្តធំៗឃាត់រថយន្ត ដឹកទំនិញដែលបើកចេញ ចូលផ្លូវស្ពានលីយ៉ុងផាត់នេះយកលុយទាំងយប់ ទាំងថ្ងៃទៅវិញ។

បើអញ្ចឹងដដែល ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ចាំបាច់អីចំណាយលុយរដ្ឋរាប់សិបលានដុល្លារទិញយកស្ពាននេះពីក្រុមហ៊ុន លែងឲ្យយកលុយពីរថយន្តបើកឆ្លងកាត់ធ្វើអី បើក្រោយក្រុមហ៊ុនឈប់យកលុយហើយ បែរជាមានមន្ត្រីអាជ្ញាធរសមត្ថកិច្ចទៅដាក់ប៉ុស្តិ៍ចាំយកលុយដដែលនោះ បើទោះបីមន្ត្រីទាំងនោះមិនឃាត់រថយន្តទេសចរណ៏ជិះលក្ខណៈគ្រួសារយកលុយ ក៏គេឃាត់រថយន្តធំៗ រថយន្តដឹកទំនិញ រថយន្តឈ្នួលប្រភេទ១២កៅអីយកលុយដែរ ក្រោមហេតុផលផ្សេងៗ ធ្វើឲ្យម្ចាស់រថយន្តទាំងអស់នោះនាំគ្នារអ៊ូរទាំថា «មុននិងក្រោយ មួយដំបរ និងបួន ដូចតែគ្នា» មែន។

ដើម្បីបញ្ចប់នូវការរិះគន់ពីម្ចាស់រថយន្តធំៗ ម្ចាស់រថយន្តឈ្នួល និងប្រជាពលរដ្ឋដែលធ្វើដំណើរមើលឃើញពីទង្វើរអសកម្មខាងលើនេះ សូមលោកអភិបាលរាជធានីមេត្តាជួយលប់បំបាត់ផង ព្រោះទាន់នៅថ្មីៗ៕