(ភ្នំពេញ)៖ មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច នៅវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១​៧នេះ នឹងដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្ដឹងលោក លឺ ឡាយស្រេង ដែលបានប្រមាថព្រះចេស្ដាព្រះមហាក្សត្រ និងបរិហាកេរ្ដិ៍សម្ដេចតេជោ ហ៊ុន សែន ឲ្យមន្ដ្រីគណបក្សហ្វ៊ុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាវេលាថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០១៧នេះ លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង២ថ្ងៃនេះ ខ្ញុំនឹងយកពាក្យបណ្ដឹងដាក់ ចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក លឺ ឡាយស្រេង ក្រោយមានការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»

កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ​ធ្វើនៅសាលមហោស្រពកោះពេជ្រ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយ​បានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង បន្ដិច​ឯកឧត្តម ហួសហេតុពេកហើយ ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅជាមាន់គ្រៀង គឺជារឿង​ធ្ងន់ធ្ងរពេកហើយ ជាការប្រមាថធ្ងន់ធ្ងរណាស់ លោកជំទាវ គី លំអង មិនបាច់ព្រួយទេ គឺ លឺ ឡាយស្រេង [...] ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្ដែលទ្ធភាពភាគច្រើនខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថាបានគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ ​ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនូវមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង [...] ចឹងសូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង»

កាលពីម្សិលមិញមន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ តាមជើងហោះហើរ Bangkok Air PG 938 ដោយនៅពេលនេះ បានដល់ទឹកដី ទីក្រុងបាងកកហើយ។

មនុស្សជិតសិទ្ធិម្នាក់របស់លោក លឺ ឡាយស្រេង បានទម្លាយប្រាប់ឲ្យដឹងថា កាលពីយប់មិញក្រោយពីមានការប្រកាសប្តឹងពីសំណាក់សម្តេចតេជោ ហ៊ុន សែន លោក លឺ ឡាយស្រេង បាននិយាយថា «ខ្ញុំមិនខ្លាចនោះទេ បើចង់ចាប់ មកចាប់មកខ្ញុំនៅផ្ទះ» ប៉ុន្តែបែរជាព្រឹកឡើងលោក លឹ ឡាយស្រេង បាននាំចៅស្រីជិះយន្តហោះរត់គេចចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃទៅវិញ។

សូមជម្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ Facebook ឈ្មោះ សីហា ដែលតែងទម្លាយរឿងអាស្រួវរបស់អ្នកនយោបាយនៅកម្ពុជា បានទម្លាយនូវសំលេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង អតីតមន្ដ្រីជាន់ខ្ពស់គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច បានប្រើពាក្យសម្ដីជេរប្រមាថព្រះជេស្ដាព្រះមហាក្សត្រ នរោត្តម សីហមុនី។

​ភ្លាមៗបន្ទាប់ពីសម្លេងសន្ទនា ប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរជាទីបំផុត ចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថ សម្តេចក្រុមព្រះ​ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបែកធ្លាយ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook​ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម នឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ៕