(ភ្នំពេញ)៖ បន្ទាប់ពីលោក លឺ ឡាយស្រេង បានចាកចេញពីប្រទេសកំណើតរបស់ខ្លួន ក្រោយប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបង្ហាញការប្រតិកម្មចំពោះការប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ របស់លោក លឺ ឡាយស្រេង អតីតគណបក្សហ៊្វុនស៊ិនប៉ិច​។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីលោក លឺ ឡាយស្រេង ប្រមាថព្រះចេស្តាព្រះមហាក្សត្រ, ត្រូវបានលោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «​លោកតា លឺ ឡាយស្រេង កាលនៅជាមួយគណបក្ស​​ហ៊្វុនស៊ិនប៉ិច គឺគោរពកោតខ្លាចអង្គព្រះមហាក្សត្រខ្មែរ ប៉ុន្តែដល់ពេលទៅគាំទ្រនយោបាយបក្សសង្រ្គោះជាតិ បែរជាថ្លើមធំពាសមេឃ ទៅប្រមាថអង្គព្រះមហាក្សត្រ ដែលជាព្រះមហាក្សត្រសម្រាប់នគរខ្មែរទាំងមូលទៅវិញ។ សកម្មភាពរបស់លោក លឺ ឡាយស្រេង បានបង្ហាញឲ្យ​ឃើញថាធនធានមនុស្សស្ទើរតែទាំងអស់ របស់គណបក្សសង្រ្គោះជាតិ គឺមិនដែលគោរព និងមិនដង្ហែរតាមអង្គព្រះមហាក្សត្រខ្មែរនោះឡើយ»។

សូមជម្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧​ Facebook ឈ្មោះ សីហា ដែលតែងទម្លាយរឿងអាស្រួវរបស់អ្នកនយោបាយនៅកម្ពុជា បានទម្លាយនូវសំលេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង អតីតមន្ដ្រីជាន់ខ្ពស់គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច បានប្រើពាក្យសម្ដីជេរប្រមាថព្រះជេស្ដាព្រះមហាក្សត្រ នរោត្តម សីហមុនី។

​ភ្លាមៗបន្ទាប់ពីសម្លេងសន្ទនា ប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរជាទីបំផុត ចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថ សម្តេចក្រុមព្រះ​ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបែកធ្លាយ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook​ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម នឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។

បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយ​បានប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។

សូមជម្រាបថា មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ តាមជើងហោះហើរ Bangkok Air PG 938 ដោយនៅពេលនេះ បានដល់ទឹកដី ទីក្រុងបាងកកហើយ ក្រោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រកាសប្ដឹងរឿងប្រមាថនេះ៕