(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញ នៃកម្មវិធី ANGKOR WARRIOR CAMP ជំនាន់ទី៣ ឬហៅថាជំរុំអ្នកចម្បាំងអង្គរ សិក្ខាកាមដែលបានចូល​រួមក្នុង បានបង្ហាញភាពអង់អាចក្លាហាន ដែលទទួលបានពីកម្មវិធីនេះ។

កម្មវិធី ANGKOR WARRIOR CAMP ឬហៅថាជំរុំអ្នកចម្បាំងអង្គរនេះ ជាកម្មវិធីមួយដែលនាំឲ្យសិក្ខាកាម ដែលចូលរួមទាំងអស់​ផ្លាស់ប្ដូរបទពិសោធន៍រ វាងគ្នាទៅវិញទៅមក ប្រែក្លាយពីភាពទន់ខ្សោយ ទៅជាមនុស្សអង់អាចក្លាហាន និងប្រកាន់ភ្ជាប់ភាពស្មោះត្រង់ ការសាមគ្គីគ្នា និងលះបង់ភាពអាត្មានិយមទាំងឡាយ។

លោក នួន អក ស្ថាបនិកក្រុមហ៊ុន Success Academy បានថ្លែងឲ្យដឹងថា ការរៀបចំកម្មវិធី ជំរុំអ្នកចម្បាំងនេះ បានរៀបចំឡើង​ចំនួន៣ជំនាន់មកហើយ ដោយជំនាន់ទី១ មានអ្នកចូលរួមប្រមាណជា៨០នាក់ រៀបចំឡើងនៅខេត្តសៀលរាប កាលពីឆ្នាំ២០០៦, ជំនាន់ទី២ មានអ្នកចូលរួមប្រមាណ៦០នាក់ ដែលរៀបចំឡើងនៅក្នុង ខេត្តព្រះសីហនុ និងជំនាន់ទី៣ មានអ្នកចូលរួមប្រមាណជា១៤៥នាក់ រៀបចំឡើងនៅក្នុងខេត្តសៀមរាប។

លោកបន្ដទៀតថា ការបង្កើតកម្មវិធីជំរុំអ្នកចម្បាំងនេះ ធ្វើឡើងដើម្បីឲ្យសិក្ខាកាម ដែលបានចូលរួមក្លាយ ទៅជាក្រុម១ថ្មីមានន័យថា សិក្ខាកាមនីមួយៗ ត្រូវឆ្លងកាត់វគ្គពិបាក ឬហៅថាជំរុំមរណៈ ដែលក្នុងនោះមានវគ្គជាច្រើន និងមានគ្រោះថ្នាក់បំផុត...បន្ទាប់ពីបញ្ចប់​ការប្រកួតពីជំរុំអ្នកចម្បាំងនេះ ពួកគាតទាំងអស់គ្នានឹងក្លាយខ្លួន ទៅជាមនុស្សថ្មី គ្មានភាពភ័យខ្លាច ចេះសាមគ្គីគ្នា និងចេះផ្ដល់ក្ដី​ស្រលាញ់ឲ្យគ្នាទៅវិញទៅមក។

អ្នកនាង អ៊ុយ រីតា​ សិក្ខាកាមចូលរួមក្នុងវគ្គ ANGKOR WARRIOR CAMP បានថ្លែងចំណាប់អារម្មណ៍ឲ្យដឹងថា «កម្មវិធីនេះជាកម្មវិធី​មួយយ៉ាងល្អ សម្រាប់ខ្ញុំ ព្រោះអាចផ្លាស់ប្ដូរខ្ញុំ ឲ្យប្រែក្លាយទៅជាមនុស្សស្រីម្នាក់ ដ៏ក្លាហានម្នាក់ ហើយអ្វីដែលជម្រុញឲ្យនាងខ្ញុំ សម្រេច​ចិត្តចូលលេងក្នុងកម្មវិធីនេះ​ព្រោះខ្ញុំចង់ជំនះពាក្យមួយឃ្លាមួយ ដែលតែងតែនិយាយថា មនុស្សស្រីមិនអាចធ្វើអ្វីបាននោះទេ»។

អ្នកនាងបន្ដទៀតថា បន្ទាបពីបញ្ចប់ការប្រកួតកម្មវិធី ជំរុំអ្នកចម្បាំងនេះឃើញថា មានការផ្លាស់ប្ដូរជាច្រើន វាធ្វើឲ្យស្គាល់ខ្លួន​ឯង​យ៉ាងច្បាស់ ចេះផ្ដល់តម្លៃដល់ពេលវេលា ចេះផ្ដល់ក្ដីស្រលាញ់ចំពោះអ្នកនៅជុំវិញខ្លួន អ្វីដែលពិសេសជានេះទៅទៀតនោះគឺបំបាត់​ភាពភ័យខ្លាច ជាធម្មតាមនុស្សស្រីតែងតែមានភាពខ្មាសអៀន និងភាពភ័យខ្លាចច្រើន តែបន្ទាប់ពីឆ្លងកាត់វគ្គជំរុំអ្នកចម្បាំងហើយ ​ធ្វើឲ្យមានការផ្លាស់ប្ដូរខ្លួនឯងយ៉ាងច្រើន។

ជាមួយគ្នានោះលោក ស៊ី ប៊ុនថៃ សិក្ខាកាមចូលរួមវគ្គ ANGKOR WARRIOR CAMP បានថ្លែងឲ្យដឹងថា «ការចូលរួមក្នុងកម្មវិធីជំរុំអ្នក
ចម្បាំងនេះ គឺជាកត្តាមួយយ៉ាងល្អបំផុត ដោយគ្មានអ្នកដឹង ហើយខ្ញុំបានធ្លាប់ចូលរួមក្នុងកម្មវិធីនេះនៅក្នុងប្រទេសផ្សេងៗរួមមាន
ប្រទេស​ថៃ, ម៉ាឡេ, សាំងហ្គាពួល និងប្រទេសជប៉ុន ដែលវគ្គនេះគេហៅថាវគ្គឥន្រ្ដី ឬវគ្គផ្សេងៗទៀត ដែលប្រហាក់ប្រហែលគ្នា
នឹងវគ្គជំរុំនេះដែរ»។

លោកបានឲ្យដឹងទៀតថា វគ្គជំរុំអ្នកចម្បាំងនេះល្អ ដែលធ្វើឲ្យមនុស្សក្លាហាន, មានក្ដីស្រលាញ់, មានការងារជាក្រុម មានន័យថាមនុស្ស ​ដែលទទួលបានជោគជ័យ លុះត្រាតែចេះធ្វើការងារជាក្រុម, ការអត់ធ្មត់បានច្រើនយ៉ាង។

លោកបញ្ជាក់ទៀតថា ចំណុចដែលសំខាន់ជាងគេ នៅក្នុងកម្មវិធីជំរុំអ្នកចម្បាំងនេះ គឺការលុបបំបាត់ភាពភ័យខ្លាច មានន័យថាកាលណា​មនុស្សមានភាពភ័យខ្លាចគ្រប់ចំណុចទាំងអស់ ដែលបានធ្វើនឹងទទួលបរាជ័យ។

លោក ប៉ុន បញ្ញា សិក្ខាកាមចូលរួមក្នុងវគ្គ ANGKOR WARRIOR CAMPបានថ្លែងដឹងថា ការចូលរួមក្នុងវគ្គនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជាការលុបបំបាត់ភាពភ័យខ្លាច ចេះសាមគ្គីគ្នា ធ្វើឲ្យមនុស្សមិនក្លាយទៅជាមនុស្សអាត្មានិយម មានថាមពលនៃក្ដីស្រលាញ់ ការដឹងគុណ និងការសម្រេចឲ្យបាននូវគោលដៅទាំងឡាយ៕