(ហ្វីលីពីន)៖ ថ្លែងទៅកាន់កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-អាមេរិកទីក្រុង Clark ខេត្ត Pampanga ប្រទេសហ្វីលីពីន នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានស្នើដល់សហរដ្ឋអាមេរិកឲ្យដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម ដែលសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាក្នុងកំឡុងទស្សវត្សទី៦០ និង ទស្សវត្សទី៧០ បានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងច្រើន។

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-អាមេរិក ដែលបានប្រារព្ធធ្វើនៅ ប្រទេសហ្វីលីពីនក៏មានការចូលរួមពីលោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិក ព្រមទាំងរដ្ឋមន្ដ្រីការពារជាតិអាស៊ានទាំង១០ ប្រទេសបានចូលរួមផងដែរ។

តាមរយៈកិច្ចប្រជុំនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិកនឹងបង្កើនកិច្ចប្រឹងប្រែងឱ្យហ្មត់ចត់បន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះ និងសំណល់គ្រាប់បែក ដែលបន្សល់ពីសង្គ្រាមឥណ្ឌូចិន កាលពីទសវត្សរ៍ឆ្នាំ១៩៧០ ដែលមានផ្ទុកសារធាតុគីមីដ៏សែនគ្រោះថ្នាក់ ហើយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើជីវភាពរស់នៅប្រចាំថ្ងៃ និងលក្ខខណ្ឌរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា៖ ទាំងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងក្របខណ្ឌរួមនិងកិច្ច-សហប្រតិបត្តិការទ្វេភាគីរវាង រដ្ឋសមាជិកអាស៊ាននីមួយៗ ជាមួយនឹងសហរដ្ឋអាមេរិក នឹងបន្តផ្ដល់នូវមាគ៌ាជាយុទ្ធសាស្ដ្រក្នុងការរឹតបន្តឹងចំណងទាក់ទងល្អ ភាពជាអ្នកជិតខាងល្អ ប្រកបដោយមិត្តភាព និងការគោរពគ្នាទៅវិញទៅមកលើគ្រប់វិស័យ ដោយអនុលោមទៅតាមប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន ក៏ដូចជាស្របទៅនឹងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕