(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រោះតែមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ទើបគណបក្សនយោបាយក្បត់ជាតិមួយ នឹងត្រូវរំលាយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន​បាន ថ្លែងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានរលាយចូលរដ្ឋធម្មនុញ្ញរបស់ជាតិអស់ហើយ។ ទោះបីជាមិនសំដៅឲ្យចំថា ជាគណបក្ស​សង្រ្គោះជាតិ ប៉ុន្តែការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ហាក់សំដៅទៅលើគណបក្សប្រឆាំងដ៏ធំមួយនេះ ដែលប្រឈម នឹងការរំលាយគណបក្សចោល ក្នុងពេលឆាប់ៗនេះ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាស សម្ដេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងបាននឹងកំពុងគោរពកិច្ចព្រមព្រៀងប៉ារីស ដោយសារតែគេ​មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងហើយ បានជាអង្គការ ចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយ ដោយសារតែគេមិនបានគោរពទីក្រុងប៉ារីសហ្នឹងហើយ បានជាគណបក្សនយោបាយមួយនឹងអាចត្រូវរំលាយ ក្នុងពេលខាងមុខឆាប់ៗ។ នេះគឺជារឿងពិត ហើយនឹងត្រូវកាត់ទោស អ្នកដែលមិនគោរពកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានរំលាយ ចូលរដ្ឋធម្មនុញ្ញរបស់ជាតិអស់ហើយ»

គួរបញ្ជាក់ថា ក្រោយពីគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ បានប្ដឹងទៅក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលលើគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដើម្បីសុំរំលាយគណបក្ស សង្គ្រោះជាតិរួច​មក ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹងប្ដឹងរំលាយ គណបក្សប្រឆាំងមួយនេះបន្តទៅតុលាការកំពូល ហើយខណៈនេះ តុលាការកំពូល​ក៏កំពុងដំណើរការនីតិវិធីលើពាក្យបណ្ដឹងនោះផងដែរ។

មូលហេតុដែលនាំទៅដល់ការដាក់ពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិបែបនេះ ដោយសារមានការបែបធ្លាយសារ សំឡេង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិយាយពីផែនការយុទ្ធសាស្ត្រធ្វើបដិវត្តពណ៌​ផ្ដួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់ កាលពីឆ្នាំ២០១៣ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង៕