(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្ដែងប្រុស ដែលកំពុងតែក្លាយជាប្រធានបទក្ដៅ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយផ្ទុះឃាតកម្មនៃការបាញ់សម្លាប់ តារាចម្រៀង សាន ស្រីឡៃ ដោយត្រូវបានគេសង្ស័យថា បណ្ដាលមកពីរូបលោក មានភាពផ្អែមល្ហែម ជាមួយ សាន ស្រីឡៃ ប្រៀបដូចគូស្នេហ៍ ទើបធ្វើឲ្យប្ដីនាង ពន្លត់ភ្លើងប្រច័ណ្ឌមិនបាន ឈានដល់ថ្នាក់បាញ់សម្លាប់ ខណៈការសង្ស័យនេះ មិនមែនជាការពិតនោះ។ យ៉ាងណាមិញ តាមរយៈការទម្លាយរឿងរ៉ាវពិតប្រាកដ ពាក់ព័ន្ធនឹងការសង្ស័យទាំងនេះ លោក បញ្ញាសិទ្ធ បានចូលខ្លួនមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលធ្វើការផ្ទាយផ្ទល់ តាមរយៈ ផេក Fresh News TV កាលពីរាត្រីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ដែលក្នុងនោះលោកថា សូម្បីតែ គូស្នេហ៍របស់លោក ដែលកំពុងរស់នៅក្រៅប្រទេស ក៏មានការភ័ណ្ឌច្រឡំ សង្ស័យនឹងរូបលោកដែរ រហូតមានការរកាំរកូសជាមួយគ្នា។

ជាក់ស្ដែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក បញ្ញាសិទ្ធ និយាយថា «រូបភាពផ្អែមល្ហែមរបស់លោក ជាមួយនឹង សាន ស្រីឡៃ ដែលលោកបានបង្ហោះហើយ ធ្វើឲ្យមហាជនមានការយល់ច្រឡំនោះ គឺក្រោយពេលដែលលោកដឹងថា សាន ស្រីឡៃ គឺពិតជាស្លាប់មែន ព្រោះពីដំបូងលោកស្មានតែ ជាការថតកុន ព្រោះថ្មីៗនេះ ស្រីឡៃ កំពុងថតរឿងឲ្យហង្សមាស ខណៈភ្លាមៗនោះ ធ្វើឲ្យលោកមិនអាចទទួលយកបាន ព្រោះលោកមានអនុស្សាវរីយ៍ធ្លាប់ច្រៀងតាមក្លឹប និង ធ្វើការជាមួយគ្នាជាច្រើន»។

លោក បញ្ញាសិទ្ធ បាននិយាយថា «ភ្លាមនោះ ខ្ញុំមានអារម្មណ៍ថា ភ័យ តក់ស្លុត ថាយំក៏បាន ព្រោះគាត់ គឺជាមិត្តភ័ក្ដ និង ប្អូនស្រីសំណព្វចិត្ត ហើយពេលនោះ ខ្ញុំចង់ទៅមើលគាត់ក៏ពិបាកទៅ ព្រោះតាមមើលទៅ គឺរញ៉េរញ៉ៃមែនទែន ចឹងហើយមានតែផុសរូបថតខ្ញុំនឹង ស្រីឡៃ ដើម្បីឲ្យមិត្តភក្ដិ បងប្អូនខ្ញុំដឹងថា គាត់បានស្លាប់មែនទែនហើយ ដោយសរសេរថា អូនឯងទៅចោលបងអ៊ីចឹង បងទទួលយកអត់បានទេពេលនេះ…។ ស្របពេលហ្នឹង ខ្ញុំអត់ដឹងថា ពេលដែលផុលហ្វេសប៊ុកហើយ មានរឿងអ្វីកើតឡើងទេ ខណៈផុសមិនទាន់បានប៉ុន្មានម៉ោងផង ក៏មានសារព័ត៌មានចុះផ្សាយ ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ សាន ស្រីឡៃ និងខ្ញុំផ្ទាល់»

លោក បញ្ញាសិទ្ធ បន្ដថា «មុនដំបូងខ្ញុំថា មិនអីទេឲ្យព័ត៌មានចុះផ្សាយចុះ ប៉ុន្ដែយូរៗទៅកាន់តែក្ដៅ ទើបខ្ញុំធ្វើការ Live វីដេអូបកស្រាយ ប៉ុន្ដែការបកស្រាយរបស់ខ្ញុំ គឺគ្មានបានប្រយោជន៍អ្វីនោះទេ គឺមានតែគេកាន់តែជេរខ្ញុំបន្ថែមទៀត។ យ៉ាងណារូបថតប៉ុន្មានសន្លឹកនេះ ពេលដែលខ្ញុំនឹងស្រីឡៃថត គឺកន្លែងទល់ច្រមុះគ្នា ស្រីឡៃថា ហឹម បើពួកយើងជាប្ដីប្រពន្ធគ្នា មិនដឹងសមយ៉ាងណាទេ ប៉ុន្ដែខ្ញុំថា មិនអាចទេអូន ហើយខ្ញុំក៏សួរថា តិចថតចឹងមានរឿងអីទៅ នាងក៏ថាមិនអីទេ ទាំងនេះធ្វើឲ្យខ្ញុំស្រណោះសម្ដីដែលគាត់ (ស្រីឡៃ) និយាយ។ អ្វីដែលសំខាន់នោះ គឺស្រីឡៃ បានបង្ហោះមុនខ្ញុំយូរហើយ គ្មាននរណាចាប់អារម្មណ៍ គឺទើបតែខ្ញុំបង្ហោះពេលស្រី ឡៃស្លាប់ ទើបមានគេចាប់អារម្មណ៍ ហើយចាប់ផ្ដើមនិយាយថា ពីនេះពីនោះតែម្ដង»

ជាចុងក្រោយលោក បញ្ញាសិទ្ធ សង្កត់ធ្ងន់ថា «ពេលនេះខ្ញុំសូមបញ្ជាក់ឲ្យពុកម៉ែបងប្អូន ទាំងក្នុងនឹងក្រៅប្រទេសឲ្យជ្រាបថា ខ្ញុំសូមធានាថា ខ្ញុំនឹងប្អូនស្រី សាន ស្រីឡៃ គឺគ្មានទំនាក់ទំនងស្នេហា ជាជនទីបី ដូចបងប្អូនគិតនោះទេ គឺត្រឹមជាបងនិងប្អូន ជាមិត្តភ័ក្ដដ៏ស្និតបំផុត ហើយសូមបញ្ជាក់ទៀតថា ខ្ញុំក៏មានម្ចាស់ស្នេហ៍ខ្ញុំដែរ ឥឡូវនេះខ្ញុំកំពុងតែមានបញ្ហា រកាំរកូសជាមួយគាត់ទៀត គាត់នៅឯក្រៅប្រទេសឯណោះ បន្ទាប់ពីផ្ទុះព័ត៌មានមិនពិតនេះមក ខ្ញុំក៏មានបញ្ហាជាមួយគាត់ ព្រោះគាត់មើលទៅព័ត៌មានមិនពិតទាំងនោះ ប៉ុន្ដែពេលនេះគាត់បានយល់ហើយ»

សូមបញ្ជាក់ថា លោក បញ្ញាសិទ្ធ មានទំនាក់ទំនងជាមិត្តភក្ដិជាមួយ សាន ស្រីឡៃ ប្រមាណជា២ឆ្នាំមកហើយ គឺមុនពេលដែលនាងចូលប្រឡង ចម្រៀងទៀត ហើយពេលដែលនាងនៅរស់ ក្រៅពីថតចម្រៀងឲ្យហង្សមាស នាងជាមួយលោក បញ្ញាសិទ្ធ បានទៅច្រៀងនៅ SOUND CLUB របស់លោកឧកញ៉ា ដួង ឆាយ ដើម្បីរកលុយចិញ្ចឹមម្ដាយ ប្អូនៗ និងកូនបន្ថែម។

ពាក់ព័ន្ធនឹងការបកស្រាយទាំងនេះ ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ពីការបកស្រាយផ្ទាល់ពីសំណាក់ លោក បញ្ញា សិទ្ធ ទាំងអស់គ្នា!