(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការបញ្ជារលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ចុះបង្រ្កាបទីតាំងហ្គេម Internet ១កន្លែង​ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ត្រង់ចំណុចក្រុមទី៣៩ភូមិ ខែឧសភា ឆ្នាំ២០១៧ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានស្លាកយីហោឈ្មោះ SE7EN។

ការចុះប្រតិបត្តិការក្តៅៗនេះ កម្លាំងនគរបាលបង្ការ និងបង្ក្រាបខេត្តបាត់ដំបង ដឹកនាំដោយលោក ឈឿង គឹមឈឿង និងលោកអនុសេនីយ៍ទោ សាយ ម៉ៅ បានដឹកកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះបង្ក្រាប ទីតាំងហ្គេមតាមប្រព័ន្ធអ៊ីនធីណិតអនឡាញខុសច្បាប់ ចំនួន១ទីតាំង នៅក្នុងក្រុងបាត់ដំបង ត្រង់ចំណុចក្រុមទី៣៩ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានស្លាកយីហោឈ្មោះ SE7EN និងឃាត់ខ្លួនមនុស្សសរុបចំនួន២២នាក់

ប្រតិបត្តិការចុះបង្កាបខាងលើនេះ ឃាត់ខ្លួនមនុស្សសរុបចំនួន២២នាក់ ដកហូតវត្ថុតាងសរុបរួមមានទី១៖ ម៉ាស៊ីន system Unit ចំនួន៣៨គ្រឿង, ២៖ អេក្រង់ LCD Computer ចំនួន៣៩គ្រឿង, ៣៖ Hard Disk Camera ចំនួន១គ្រឿង, ៤៖ ម៉ូតូចំនួន១៨គ្រឿង។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំងអស់ខាងលើនេះ បានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕