(ភ្នំពេញ)៖ មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ តាមជើងហោះហើរ Bangkok Air PG 938 ដោយនៅពេលនេះ បានដល់ទឹកដី ទីក្រុងបាងកកហើយ។

ការចាកចេញពីជាបន្ទាន់របស់លោក លឹ ឡាយស្រេង នៅថ្ងៃនេះ, ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម បានប្រកាសដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។

មនុស្សជិតសិទ្ធិម្នាក់របស់លោក លឺ ឡាយស្រេង បានទម្លាយប្រាប់ឲ្យដឹងថា កាលពីយប់មិញក្រោយពីមានការប្រកាសប្តឹងពីសំណាក់សម្តេចតេជោ ហ៊ុន សែន លោក លឺ ឡាយស្រេង បាននិយាយថា «ខ្ញុំមិនខ្លាចនោះទេ បើចង់ចាប់ មកចាប់មកខ្ញុំនៅផ្ទះ» ប៉ុន្តែបែរជាព្រឹកឡើងលោក លឹ ឡាយស្រេង បាននាំចៅស្រីជិះយន្តហោះរត់គេចចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃទៅវិញ។

ការប្រកាសប្តឹងលោក លឺ ឡាយស្រេង ភ្លាមៗនេះធ្វើឡើងបន្ទាប់ពីសម្លេងសន្ទនារបស់លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានរយៈប្រមាណជាង៤នាទី ត្រូវបាន Facebook ជំនាញខាងទម្លាយរឿងអាស្រូវរបស់អ្នកនយោបាយឈ្មោះ សីហា បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ។

កាលពីម្សិលមិញ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលបាន​ប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសនឹងប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។

ប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ​ធ្វើនៅសាលមហោស្រពកោះពេជ្រ៕