(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកមន្ត្រីសុខាភិបាល និងប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ១គ្រឿង ជូនមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ សម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកទាំងពីរ។

លោក ថោង ខុន បានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាប់១គ្រឿងនេះ ជាជំនួយរបស់ក្រុមហ៊ុនទេសចរណ៍ដំរីអង្គរ (Domrey Angkor Tour) តាមរយៈក្រសួងទេសចរណ៍ ដើម្បី​បម្រើ​ដល់សកម្មភាពមនុស្សធម៌ ចូលរួមចំណែកជួយដល់វិស័យសុខាភិបាល និងជួយ​សង្គ្រោះ​ជីវិតរបស់ប្រជាពលរដ្ឋ ជនរងគ្រោះ និងអ្នកជំងឺនៅមូលដ្ឋានស្រុកបារាយណ៍ និងស្រុកសន្ទុក ឲ្យបាន​ទាន់​ពេលវេលា។

រថយន្តសង្គ្រោះបន្ទាន់១គ្រឿងនេះ ជាប្រភេទ Hyundai Starex ផលិតនៅឆ្នាំ២០១១ មានតម្លៃប្រមាណ៣ម៉ឺនដុល្លារអាមេរិក និងមានគុណភាពប្រមាណ ៩០%។

ជាមួយនឹងការរៀបរាប់ពីសកម្មភាពរបស់មន្ទីរពេទ្យ លោក ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានថ្លែងអំណរគុណចំពោះលោក ថោង ខុន និងម្ចាស់ជំនួយដែលជួយឧបត្ថម្ភ និងអញ្ជើញមកប្រគល់រថយន្តសង្គ្រោះនេះ ដល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក នាពេលនេះ។

ក្នុងឱកាសនោះដែរ លោក ថោង ខុន បានជម្រាបជូនអង្គពិធីអំពីការខិតខំប្រឹងប្រែង និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាបន្តថែរក្សាតម្លៃនៃសុខសន្តិភាពនេះឱ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត។

ជាងនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានគិតគូរយកចិត្តទុកដាក់សម្រួលដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនដល់បុគ្គលិកសុខាភិបាល អំពីសភាពការណ៍ថ្មីៗ​ ដែលបាននិងកំពុងកើតមាននៅកម្ពុជា ហើយដែលមជ្ឈដ្ឋានអគតិមួយចំនួន បាននិងកំពុងបំភ្លៃ បំភ័ន្ត បំប៉ោង បំផ្លើស និងញុះញង់ប្រជាពលរដ្ឋឲ្យស្អប់ និងមានកំហឹងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើដល់ផែនការរៀបចំធ្វើបដិវត្តពណ៌ នៅឆ្នាំ២០១៨ ដែលមានបរទេស គឺអាមេរិកនៅពីក្រោយ ក្នុងការជួយរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកក៏បានបកស្រាយពីឧបាយកលរបស់បក្សប្រឆាំង ជូនដល់អង្គប្រជុំឱ្យបានជ្រួលជ្រាប នាពេលកន្លងមក ពិសេសគឺព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីនេះ ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ និងការដាក់ពាក្យបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ។

លោក ថោង ខុន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ត្រូវបន្តខិតខំយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្តល់នូវសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រកបដោយក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈ និងជាក្តីសង្ឈឹម និងភាពជឿជាក់សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។ ទាំងអស់គ្នា ដើម្បីសុខាភិបាល សុខាភិបាលដើម្បីទាំងអស់គ្នា។

លោក ថោង ខុន ក៏បានសួរសុខទុក្ខអ្នកជំងឺដែលកំពុងសំរាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកនេះ និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕