(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះសុវត្ថិភាព របស់ប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ក៏ដូចជាប្រជាពលរដ្ឋតំបន់ដទៃទៀត ដែលកំពុងរស់នៅតំបន់មានគ្រាប់បែកទំលាក់ពីយន្តហោះជាអាវុធគីមី​ បន្ទាប់ពីសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ បំភ័ន្តការពិតថា គ្រាប់បែកដែលរកឃើញជា ឧស្មន័បង្ហៀរទឹកភ្នែកគ្មានគ្រោះថ្នាក់អ្វីទេនោះ។

លោក ហេង រតនា ចាត់ទុកថា ការធ្វើបែបនេះរបស់អាមេរិក គឺជាបន្ថែមការធ្វើបាបចំពោះប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គ្រាប់បែកគីមីទាំងនោះជាឧស្មន័បង្ហៀរទឹកភ្នែក នាំឲ្យពលរដ្ឋខ្វះការប្រុងប្រយ័ត្ន បង្កឲ្យមានហានិភ័យខ្ពស់។

លោក ហេង រតនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News យ៉ាងដូច្នេះថា យើងពិតជាមានការព្រួយបារម្ភខ្លាំងបំផុត ចំពោះសុវតិ្ថភាពប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់មានគ្រាប់បែកទំលាក់ពីយន្តហោះជាអាវុធគីមី​ ហើយត្រូវបានក្រុមខ្លះខិតខំផ្សព្វផ្សាយថា​ គ្រាប់អាវុធគីមីនោះជា ឧស្មន័បង្ហៀរទឹកភ្នែក​ ដែលសារឬព័ត៌មានបែបនេះអាចនាំឲ្យបងប្អូនប្រជាពលរដ្ឋយល់ច្រឡំ​ថា​ គ្មានគ្រោះថ្នាក់ និងគ្រាន់តែជាឧស្មន័បង្ហៀរទឹកភ្នែក បង្ក្រាបបាតុករធម្មតាតែប៉ុណ្ណោះ! ។ សូមបញ្ជាក់ថា​ សារធាតុគីមីនេះ​ប្រភេទ​ chlorobenzalononitrile (CS) អាចមានរូបមន្តលាយល្បាយជាមួយសារធាតុផេ្សងៗទៀត ដើម្បីផលិតជាគ្រាប់ច្រើនប្រភេទដូចជាគ្រាប់កាំភ្លើងធំ​ គ្រាប់បែកដៃ​ គ្រាប់បែកផែ្សង​ កូនគ្រាប់បែកចង្កោមជាដើម។ល។​

លោកបញ្ជាក់ទៀតថា តាមធម្មតាប្រសិនជាឧស្ម័នបង្ហៀទឹកភ្នែក​ វាគ្មាននៅសល់ជាសំណល់បង្កគ្រោះថ្នាក់ទៀតទេ​ ព្រោះថាឧស្ម័នមានន័យថាជាខ្យល់លាយសារធាតុពុលប៉ុណ្ណោះ ដូចនេះនៅពេលបែកបាក់ធុង​ឬសំបករបស់វា​ ឧស្មន័ទាំងនោះត្រូវសាបរលាបតាមខ្យល់អស់ដោយប្រើរយៈពេលខ្លី​!។ យោងតាមវត្ថុតាង​ សំណាកនៃសំណល់សារធាតុគីមី​ និងប្រភេទគ្រាប់បែកទំលាក់ពីយន្តហោះនេះ​ អាចប្រភេទសារធាតុគីមី​ CS-2 មិនមែនជាឧស្មន្ម័បង្ហៀរទឹកភ្នែកទេ​។

អគ្គនាយករូបនេះបន្ថែមទៀតថា សារធាតុគីមី CS គេឃើញយកមកប្រើជាអាវុធមាន៣ផ្នែក គឺ​ទី១​៖ សារធាតុ ​CS ទី២​៖ សារធាតុ CS-1 និងទី៣៖ សារធាតុ CS-2​ ហើយរូបមន្តនិងប្រតិកម្មរបស់វាក៏ផេ្សងៗគ្នាដែរ។​ សារធាតុ CS អាចមានកំរិតពុលហៀរទឹកភ្នែក​លាយបង្កើតជាឧស្ម័នអាចប្រើប្រាស់បង្ក្រាបបាតុកម្ម​ គ្រាប់បែកផ្សែងពុល​ជាដើម​ វានឹងរលាយតាមខ្យល់។​ សារធាតុ CS-1 ជាម្សៅ​ សំរាប់ប្រើប្រាស់ផ្ទុះឆេះបង្កពុល​ ហើយរលាយតាមខ្យល់និងទឹក។​ ដោយឡែកសារធាតុគីមី CS-2 មិនរលាយក្នុងទឹកនិងតាមខ្យល់ទេ​។​ ដូចនេះ​ គ្រាប់បែកទំលាក់ពីយន្តហោះជាអាវុធគីមីនៅឃុំគគីរនោះ​ អាចជាសារធាតុគីមី CS-2​ ។​ មានន័យថា​ បើជាឧស្ម័នបង្ហៀរទឹកភ្នែក​ CS និងសារធាតុគីមី CS-1 វារលាយតាមខ្យល់និងទឹកអស់យូរឆ្នាំ​ ឬក៏តាំងពីទំលាក់ដល់ដីតែប៉ុន្មានម៉ោងម្ល៉េះ។

ជាមួយគ្នានេះ លោកក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន​ មេត្តាជួយចូលរួមប្រុងប្រយត្ន័ និងជួយថែរក្សាតំបន់សុវត្ថិភាព​ ស្លាកសញ្ញា​សំគាល់គ្រោះថ្នាក់​ និងស្ថិតនៅឆ្ងាយពីគ្រាប់បែកទាំងនេះ។​ ចៀសវាងដាច់ខាតទៅគាល់កកាយដោយយល់ថាគ្មានគ្រោះថ្នាក់​ ឬគ្រោះថ្នាក់ត្រឹមហៀរទឹកភ្លែក។ ជាក់ស្តែងមន្ត្រីស៊ីម៉ាក់គ្រាន់តែដាច់ស្រោមដៃតិចតួចក៏ពងរមាស់ពេញដៃដែរ។ យើងត្រូវការអង្គការហាមឃាត់អាវុធគីមី របស់អង្គការសហប្រជាជាតិ​ ត្រួតពិនិត្យ និងផ្តល់របាយការណ៍​ប្រកបដោយតម្លាភាព​ ដើម្បីយើងមានវិធានការសមស្របជួយប្រជាជនយើង៕