(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងមន្រ្តីរាជការក្នុងក្រសួង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ បានប្រកាសថ្កោលទោសដាច់អង្ហការចំពោះសម្ដីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានចាត់ទុកថា ការអំពាវនាវបែបនេះ គឺជាទង្វើក្បត់ជាតិ និងញុះញង់ឱ្យមានអស្ថេរភាព និងអសន្តិសុខ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសប្រឆាំងដាច់ខាត និងសូមឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋរួមគ្នា កម្ចាត់ជនក្បត់ជាតិរូបនេះ រួមទាំងបក្ខពួក ដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាដែលកំពុងមានសុខសន្តិភាពពេញលេញ និងការរីកចំរើនលើគ្រប់វិស័យ ធ្លាក់ក្នុងសង្គ្រាមជាថ្មី។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើ និងបក្ខពួក បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវ វីដេអូមួយទៀតដែលក្នុងនោះ សម រង្ស៊ី ដែលបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ សម្តេចតេជោ ហ៊ុន សែន។

តាមរយៈវីដេអូនេះ សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»

(សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី ខាងក្រោម)