(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ តំណាង​កងកម្លាំងនគរបាល​អន្តោប្រវេសន៍ ​សូមប្រកាសថ្កោលទោស​យ៉ាង​ដាច់អហង្ការ ​ទៅនឹង​សម្ដី​ជនក្បត់ជាតិ សម រង្ស៊ី ដែល​ញុះញង់​ឲ្យ​កម្លាំង​ប្រដាប់​​អាវុធ ​ប្រឆាំង​រាជរដ្ឋាភិបាល ដែលបាន​ប្រកាស​តាម​ «ឃ្លីបវីដេអូមួយ កាលពីថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ២០១១ បាន​អំពាវនាវ​ឲ្យ​មានការបះបោរប្រឆាំង​រដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយបាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ បង្វែ​កាណុង​មក​កាន់​រដ្ឋាភិបាល​កម្ពុជា ដែលនេះជាអំពើ​ក្បត់ជាតិសុទ្ធសាធ ហើយការអំពាវនាវនេះ គឺផ្សារភ្ជាប់​ទៅនឹង​ការ​លើក​ឡើង​​​របស់ កឹម សុខា នៅទីក្រុង​ណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកផងដែរ។​ វាជាវីដេអូចាស់ ប៉ុន្តែវាគឺ​បាន​ផ្សារ​ភ្ជាប់​​មក​​ដល់​បច្ចុប្បន្ន​ ដែលសកម្មភាពនេះបាន​ឆ្លុះបញ្ចាំង​ឲ្យឃើញច្បាស់​ ពីសារជាតិ​នៃក្រុម​ជនក្បត់ជាតិ ដែលតែងតែ​លោភ​លន់អំណាច មិនគិតដល់​ភាព​សុខសាន្ត​របស់ប្រជាពលរដ្ឋ​ និងផល​ប្រយោជន៍​សង្គម​ជាតិឡើយ។

ដូចនេះ ក្នុងនាម​កង​​កម្លាំង​នគរបាល​​អន្តោប្រវេស៍ ​និងកងកម្លាំងប្រដាប់អាវុធទាំងអស់ មិនអាចបែរកាណុងប្រឆាំងរដ្ឋាភិបាលស្រប​ច្បាប់​បានទេ មាន​តែ​​បែរ​កាណុង​កំទិច បំផ្លាញពួកក្បត់ជាតិ​ល្មោភ​អំណាច ដែលហ៊ានឃុបឃិតជាមួយបរទេស​មកផ្ដួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​​នៅកម្ពុជា ដែលកិច្ចការនេះ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បានធ្វើការប្រជុំផ្សព្វផ្សាយជូនដល់​ថ្នាក់ដឹកនាំ ក៏ដូចជានាយកដ្ឋាន​ជំនាញទាំងអស់​ឲ្យ​បានដឹង អំពី​ឧបាយកល​ និងសកម្មភាព​របស់​​ក្រុមក្បត់ជាតិទាំងនេះ​​កាល​ពីថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៧ រួចហើយ។

«ក្នុងនាមជាកងកម្លាំងនគរបាលអន្ដោប្រវេសន៍ គាំទ្រពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល ដែលកំចាត់ពួកក្បត់ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា»